អាជ្ញាធរជាតិអប្សរា ប្រកាសបើកឲ្យចូលទស្សនាប្រាសាទ មេបុណ្យខាងលិច ឡើងវិញ ក្រោយបញ្ចប់ការងារជួសជុលរយៈពេល១៤ឆ្នាំ
អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសបើកឲ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាប្រាសាទ មេបុណ្យខាងលិច ឡើងវិញ ក្រោយបញ្ចប់ការងារជួសជុលរយៈពេល១៤ឆ្នាំកន្លងមក។ អាជ្ញាធរជាតិអប្សរា ក៏បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដើម្បីចូលរួមទស្សនាដោយក្ដីរីករាយ។

ប្រាសាទមេបុណ្យខាងលិច ត្រូវបានសម្ពោធបញ្ចប់ការងារជួសជុលជាស្ថាពរក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទបុរាណមួយដែលត្រូវបានកសាងឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៃគ្រឹស្តសករាជ ក្នុងរាជ្យព្រះបាទឧទយាទិត្យវរ្ម័នទី២។ ប្រាសាទនេះ ស្ថិតនៅចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងពិធីសម្ពោធបញ្ចប់ការងារជួសជុលជាស្ថាពរនៃប្រាសាទមេបុណ្យខាងលិច ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសបារាំង ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដោយចំណាយពេល ១៤ឆ្នាំ ក្នុងការស្រាវជ្រាវស្វែងរកថ្ម និងជញ្ជូនដុំថ្មម្តងមួយដុំៗ ជួសជុលប្រាសាទមេបុណ្យខាងលិចឱ្យរស់រានមានជីវិតដ៏ស្កឹមស្កៃឡើងវិញ។ ព្រះអង្គ បានចាត់ទុកសមុច្ច័យដ៏មហិមានេះថា នឹងក្លាយជាឯកសារយោងដ៏សំខាន់បំផុតសម្រាប់កិច្ចសហប្រតិបត្តិការបុរាណវិទ្យា និងបេតិកភណ្ឌរវាងកម្ពុជា និងបារាំង។

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញសេចក្តីរំភើបចំពោះព្រះរាជសុន្ទរកថារបស់ព្រះមហាក្សត្រ និងបានពិពណ៌នាថា ការមកដល់ប្រាសាទមេបុណ្យខាងលិច គឺជាការបានឈរជាន់លើទឹកដីដ៏ពិសិដ្ឋ ដែលជាកន្លែងរកឃើញរូបបដិមាព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធដ៏ធំបំផុតនៃអរិយធម៌ខ្មែរកាលពី ៩០ឆ្នាំមុន។ លោកប្រធានាធិបតីបានបញ្ជាក់ថា ការគាំទ្ររបស់បារាំងជាងមួយសតវត្សរ៍មកនេះ គឺជាការផ្តល់ធនធានបច្ចេកទេស វិទ្យាសាស្ត្រ និងធនធានមនុស្សដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការដោយស្មើភាពគ្នារវាងកម្ពុជា និងបារាំង។

បើតាមក្រសួងវប្បធម៌ រយៈពេល១៤ឆ្នាំ នៃការជួសជុល ក្រុមការងារបារាំង-ខ្មែរ បានប្រឹងប្រែង និងតស៊ូជួសជុលប្រាសាទមេបុណ្យខាងលិចយ៉ាងលំបាក។ ការលំបាកទាំងនោះ រួមមានការសិក្សារៀបចំឯកសារ ការស្វែងរកថ្ម ដែលបាត់មកដាក់បំពេញនៅតាមកន្លែងដើមវិញ ការដឹកជញ្ជូនសម្ភារៈគ្រឿងចក្រធំៗ និងថ្មភក់តាមទូកពីកន្លែងផ្សេងមកដាក់នៅការដ្ឋាន រួមទាំងការដឹកជញ្ជូន និងគ្រប់គ្រងកម្លាំងកម្មករជួសជុលជាដើម៕





