នាយករដ្ឋមន្ត្រីណែនាំឱ្យរដ្ឋមន្ត្រីក្រសួង៥ធ្វើការរួមគ្នាផ្សព្វផ្សាយពីទម្រង់សំលៀកបំពាក់ប្រពៃណីជាតិខ្មែរដល់ប្រជាជន
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋមន្ត្រីក្រសួងចំនួន៥ឱ្យធ្វើការរួមគ្នាផ្សព្វផ្សាយអប់រំ ពីទម្រង់នៃការស្លៀកពាក់សំលៀកបំពាក់ប្រពៃណីខ្មែរ ឧបករណ៍ភ្លេងប្រពៃណីដល់សិស្សានុសិស្ស អ្នកសំអាងការ អ្នកសិល្បៈ និងមន្ត្រីរាជការផងដែរ។ សម្ដេចថា ពលរដ្ឋកម្ពុជាត្រូវយល់ពីសិល្បៈ ប្រពៃណី វប្បធម៌ដូនតារបស់ខ្លួន។

លើកឡើងក្នុងពិធីបើកពិព័ណ៌ផលិតផលខ្មែរ លើកទី៤ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការមានទឹកចិត្តស្រលាញ់សិល្បៈវប្បធម៌គឺជារឿងល្អ តែការរៀបចំខ្លួនឱ្យត្រូវគឺរឹតតែសំខាន់ថែមទៀត។ សម្ដេចបានណែនាំដល់រដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីអប់រំ ត្រូវមានកិច្ចសហការផ្សព្វផ្សាយនូវអ្វីដែលជារបស់ខ្មែរទៅដល់មហាជន។
សម្ដេចថា៖ «ត្រូវរួមគ្នាស្រាវជ្រាវផ្សព្វផ្សាយ តាមវគ្គនានា ដូចជាវគ្គបណ្ដុះបណ្ដាល។ ផ្នួងត្រូវបណ្ដុះបណ្ដាលគាត់ ត្រូវឱ្យគាត់ឆ្លងកាត់(ការបណ្ដុះបណ្ដាល)ដោយ Free ចុះ យើងមិនទៅយកលុយយកអីគាត់ទេ តែត្រូវឱ្យគាត់ចេះដែរត្រូវមានឯកសារមួយចំនួនឱ្យគាត់ឧទាហរណ៍ស្បៃមានតែ៧ប្រភេទ ខ្ញុំសួរលោកជំទាវ ភឿង សកុណា ថាស្បៃខ្មែរពាក់តែ៧ទម្រង់ទេ ហេតុអ្វីយើងមិនធ្វើឯកសារឱ្យគាត់ដឹង?»
ជាមួយគ្នានេះសម្ដេចបានឱ្យដឹងថាសម្ដេចបានណែនាំឱ្យរដ្ឋមន្ត្រីអប់រំដាក់បញ្ចូលការសិក្សាពីឧបករណ៍តន្ត្រីខ្មែរ និងសំលៀកបំពាក់ប្រពៃណីដល់សិស្សឱ្យបានយល់ដឹងផងដែរ។ ក្នុងនោះសម្ដេចនាយករដ្ឋមន្ត្រីក៏ឱ្យរៀបចំអាគារនៅសាលារចនាជិតសារមន្ទីរជាតិឱ្យធ្វើជាសារមន្ទីរសម្បត្តិបេតិកភណ្ឌជាតិខ្មែរដើម្បីបង្ហាញប្រពៃណីវប្បធម៌របស់ខ្មែរដល់ប្រជាជន និងជនបរទេស។





សម្ដេចក៏ណែនាំដល់មន្ត្រីរាជការឱ្យមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសសំលៀកបំពាក់តំណាងជាតិ ដោយបារម្ភពីការចេញទៅចូលរួមវេទិកាអន្តរជាតិតែបែរជាប្រើប្រាស់សំលៀកបំពាក់ប្រពៃណីតំណាងជាតិផ្សេង។
សម្ដេចថាសំលៀកបំពាក់ប្រពៃណីនេះជាអត្តសញ្ញាណរបស់ខ្មែរ ហើយបើចង់ការពារត្រូវតែមានការយល់ដឹងឱ្យបានច្បាស់លាស់ពីអ្វីជារបស់ខ្លួនសិន៕


