Detail Top Banner – Conway

នាវាចម្បាំងរុស្ស៊ី លិចនៅកំពង់ផែលីប៊ី សង្ស័យត្រូវដ្រូនអ៊ុយក្រែន វាយប្រហារ

នាវាចម្បាំងកងទ័ពជើងទឹករុស្ស៊ី Merkury បានលិចមួយចំហៀង នៅកំពង់ផែ Benghazi នៃប្រទេសលីប៊ី ដោយសង្ស័យថា ត្រូវរងការវាយប្រហារដោយដ្រូនលើផ្ទៃទឹក។

(រូប៖ Reuters)

តាមការផ្សាយរបស់ VN Express, ដ្រូនលើផ្ទៃទឹកជាច្រើនគ្រឿង បានកំណត់គោលដៅវាយប្រហារនាវាចម្បាំងប្រភេទ Project 20380 Steregushchiy-class មួយគ្រឿងនេះ នាវេលាទៀបភ្លឺថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងនោះ មានដ្រូន យ៉ាងតិច ៤ គ្រឿង ត្រូវបានស្ទាក់ចាប់ ខណៈ ២ គ្រឿងទៀត បុកចំតួនាវា បង្កឱ្យមានការផ្ទុះ និងអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

(រូប៖ Reuters)

ជុំវិញការវាយប្រហារនេះ មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនៅឡើយទេ ខណៈទាំងទីក្រុងមូស្គូ និងកៀវ ក៏មិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការដែរ។ យ៉ាងណា ប្រភពយោធាលីប៊ី បានចោទប្រកាន់ថា ការវាយប្រហារនេះ គឺធ្វើឡើងដោយកងកម្លាំងអ៊ុយក្រែន ដែលធ្វើប្រតិបត្តិការចេញពីមូលដ្ឋានមួយ នៅភាគខាងលិចប្រទេសលីប៊ី។

Merkury ដែលជានាវាចម្បាំងខ្នាតតូចបំពាក់មីស៊ីលនាំផ្លូវទំនើបរបស់រុស្ស៊ី បានចូលចតនៅមូលដ្ឋានទ័ពជើងទឹក Benghazi ដើម្បីចាក់ប្រេងឥន្ធនៈ និងផ្ទុកស្បៀងអាហារ នៅតាមផ្លូវធ្វើដំណើរត្រឡប់ទៅប្រទេសរុស្ស៊ីវិញ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែនសមុទ្រ ជាមួយអាជ្ញាធរភាគខាងកើតប្រទេសលីប៊ី។

(រូប៖ Reuters)

រដ្ឋបាលភាគខាងកើតលីប៊ី បានថ្កោលទោសការវាយប្រហារនេះ ថាជាការរំលោភលើអធិបតេយ្យភាព ហើយក៏បើកការស៊ើបអង្កេតរួមគ្នាជាមួយ រុស្ស៊ី រួចហើយដែរ។

សូមជម្រាបថា ការវាយប្រហារនេះកើតឡើង បន្ទាប់ពីនាវាដឹកទំនិញរុស្ស៊ីមួយគ្រឿងទៀត ឈ្មោះ Sparta II ក៏ត្រូវបានវាយប្រហារដោយដ្រូនផងដែរ នៅសមុទ្របាល់ទិក ក្បែរប្រទេសហ្វាំងឡង់ ហើយក្រោយមក នៅល្ងាចថ្ងៃអាទិត្យ នាវាពាណិជ្ជកម្មដោតទង់ជាតិម៉ាល់តា មួយគ្រឿងទៀត ត្រូវបានវាយប្រហារដោយដ្រូនលើផ្ទៃទឹក នៅឯនាយឆ្នេរសមុទ្រទីក្រុង Benghazi៕

ព័ត៌មានទាក់ទង
×
Popup Banner