មេដឹកនាំឈាមថ្មីរបស់គណបក្សកាន់អំណាច លោក ហ៊ុន ម៉ាណែត រងការរិះគន់ថា គ្មានគំនិតជាតិនិយមទប់ស្កាត់មហិច្ចតាឈ្លានពានទឹកដី ពីសំណាក់ប្រទេសជិតខាង សូម្បីធ្វើកំណត់ទូតតវ៉ា បើទោះបីជាមេដឹកនាំថៃបានអះអាងថាកោះគុត និងប្រាសាទតាមាន់ធំជាងរបស់ថៃក្ដី គេបារម្ភថាបន្ទាត់នយោបាយបែបនេះជាការលើកទឹកចិត្តឲ្យប្រទេសជិតខាងបង្កើតមហិច្ចតាឈ្លានពានលេបត្របាក់ទឹកដីខ្មែរគ្មានទីបញ្ចប់ បើគ្មានការផ្លាស់ប្ដូរមេដឹកនាំគ្រួសារហ៊ុនទេនោះ នៅថ្ងៃទី២១ខែកុម្ភៈនេះ អ្នកមានបទពិសោធន៍ ការងារព្រំដែន លោក អ៊ុំ សំអាន បាននិយាយថានាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបញ្ជាក់ថាប្រាសាទតាមាន់ធំជារបស់ថៃស្ថិត នៅក្នុងខេត្តសុរិន្ទ ។

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបញ្ជាក់ឲ្យគេដឹងថា អនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០០១ (MOU44) ស្តីពីកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA គ្រាន់តែនិយាយពីការចរចាលើក្របខណ្ឌសម្រាប់ពិភាក្សា រកដំណោះស្រាយឲ្យជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាតែ ប៉ុណ្តោះ។
បើតាមលោក ថាក់ស៊ីន អនុស្សរណៈយោគយល់គ្នានេះ មិនមែនជាការកំណត់ ឬពាក់ព័ន្ធនឹងអធិបតេយ្យភាពក្នុងតំបន់កោះគុតរវាងកម្ពុជា និងថៃឡើយ។ អតីតនាយករដ្ឋមន្រ្តីថៃរូបនេះនៅ លើកឡើងពីព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាមួយចំនួនដែលនៅក្នុងនោះ មេដឹកនាំកម្ពុជាបានបញ្ជាក់ថាកោះគុតមិនមែនជាផ្នែកមួយរបស់ប្រទេសថៃនោះ។ នៅត្រង់ចំណុចនេះ លោកថាក់ស៊ីនបានច្រានចោលព័ត៌មានទាំងនេះ ដោយលោកចាត់ទុកវាជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញាសប្បិនិម្មិត AI ។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ចេញមុខមកបញ្ជាក់នៅពេលនេះ គឺបន្ទាប់ពីមានផ្ទុះការតវ៉ាពីខាងក្រុមអាវលឿង ក្រុមជាតិនិយមថៃ ជុំវិញកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នា OCA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ រវាងមេដឹកនាំថៃ និងកម្ពុជា។ ពួកគេបានទាមទារឲ្យរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រីរបស់លោកថាក់ស៊ីន លុបចោលកិច្ចព្រមព្រៀងមួយនេះជាបន្ទាន់ និងបានជំរុញឲ្យរដ្ឋាភិបាលថៃកុំបន្ទន់ឥរិយាបថជាមួយកម្ពុជា នៅក្នុងការទាមទារយកតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ត្រឡប់មកវិញ។ បើតាមក្រុមជាតិនិយមថៃ ការទាមទាររបស់កម្ពុជាក្នុងតំបន់មួយនេះបានរំលោភយកដែនកោះគុតរបស់ថៃដល់ទៅពាក់កណ្តាល។


នាយករដ្ឋមន្ត្រីថៃវ័យក្មេងរូបនេះ ក៏ធ្លាប់អះអាងដែរថា កោះគុតជារបស់ថៃ បើទោះបីឯកសារជាច្រើនបានបញ្ជាក់ថា យ៉ាងហោចណាស់ពាក់កណ្ដាលនៃកោះនេះជារបស់ខ្មែរក្ដី លោកគូសបញ្ជាក់ថា ចំណែករឿងដឹកនាំបន្ត វេនគ្រួសារត្រកូល ហ៊ុន គឺលោក ហ៊ុន ម៉ាណែត មិនហ៊ាននិយាយថា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ឬប្រាសាទតាក្របី និងកោះគុត ជារបស់ខ្មែរនោះទេ ដោយគាត់គ្រាន់តែនិយាយថា កំពុងចរចាគ្នា បើទោះបីកោះគុតត្រូវបានថៃគ្រប់គ្រងទាំងស្រុងក្ដី ចំណែកលោក អ៊ុំ សំអាន នាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីខ្មែរវ័យក្មេងដូចគ្នា ប៉ុន្តែគំនិតជាតិនិយម និងភាពអង់អាចក្លាហានមានលក្ខណៈខុសគ្នាដាច់ស្រឡះ ករណី នេះលោកចោទជាសំណួរថា តើឲ្យខ្មែរទៅសង្ឃឹមអ្វី បើការចរចាទ្វេភាគីច្រើនទសវត្សរ៍នេះ ធ្វើឲ្យភាគីថៃច្បាមយកប្រាសាទតាមាន់តូច ឆ្លងដល់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដោយចែកគ្នាគ្រប់គ្រងទៅហើយនោះ ហេតុការណ៍នេះលោកជំរុញមេដឹកនាំខ្មែរត្រូវតែប្ដឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីអាចការពារបូរណភាពទឹកដីដែលបន្សល់ទុកពីដូនតាបាន តែផ្ទុយទៅវិញលោកថា បើកម្ពុជាបន្តយន្តការទ្វេភាគី កម្ពុជានឹងបាត់បង់កម្មសិទ្ធិរបស់ខ្លួន ទៅលើកោះគុតបាត់បង់ប្រាសាទតាមាន់តូចទាំងស្រុង បាត់បង់យ៉ាងហោចណាស់ពាក់កណ្ដាលនៃប្រាសាទតាមាន់ធំ និងបាត់បង់យ៉ាងហោចណាស់ពាក់កណ្ដាលនៃប្រាសាទតាក្របី នាយករដ្ឋមន្រ្តីថៃ និយាយថាប្រាសាទតាមាន់ធំហ្នឹងទាំងមូលស្ថិតនៅលើទឹកដីនៃខេត្តសុរិន្ទប្រទេសថៃ មិនមានន័យថាពាក់កណ្ដាលទេណាស់ គឺទាំងមូលឃើញហេស… ហើយប្រាសាទតាក្របីក៏ថៃទាមទារទាំងមូលដែរ អាចឹងហាស ចឹងចារៗចុះឡើងៗជួនកាលថៃគេកម្លាំងខ្លាំងជាង បាញ់រុញខ្មែរចេញពីប្រាសាទហ្នឹង ហើយខ្មែរយើងជួនកាល អ៊ើស..! ដើម្បីអោយត្រូវគ្នាអោយប្រាសាទហ្នឹងទាំងមូល ទៅគេម៉ងទៅតែធើមិចលាក់បាំងកុំអោយពលរដ្ឋដឹង ឃើញហេស! អាហ្នឹងវាអាចអញ្ចឹងឯង បើសិនជាអាភាពចាស់ទុំហ្នឹងគឺអាចបាត់ប្រាសាទទាំងបីហ្នឹងទាំងស្រុង ហើយអាចហ្នឹងបាត់កោះគុតផងដែរ នេះបើតាមប្រសាសន៍ លោក អ៊ុំ សំអាន ហើយលោកបានសង្កត់ធ្ងន់ថា បើមេដឹកនាំឈាមថ្មីរបស់គណបក្សកាន់អំណាច មិនព្រមប្រើយន្តការអន្តរជាតិ ដើម្បីការពារបូរណភាពទឹកដីទេនោះទឹកដីកម្ពុជា និងត្រូវប្រទេសជិតខាងលេបត្របាក់តជំនាន់ វាបញ្ជាក់ថាឈាមថ្មីហ្នឹងគឺមិនខុសពីឈាមចាស់ឪគាត់នោះទេ ឪគាត់សុខចិត្តកាត់កោះត្រល់ទៅអោយយួន និងកោះក្រចកសេះ អោយយួនដើម្បីអោយយួនលើកគាត់ក្លាយទៅជានាយករដ្ឋមន្រ្តី ឆ្នាំ១៩៨៥ ហើយដល់លោក ហ៊ុន ម៉ាណែត នេះសុខចិត្តកាត់កោះគុតទៅអោយថៃ អាចកាត់ប្រាសាទទាំងបីហ្នឹងទៅអោយថៃទៀត ដើម្បីអោយថៃជួយការពារអំណាចរបស់ត្រកូលហ៊ុនបន្តទៀតហាស ចឹងមានន័យថា ឈាមថ្មីរបស់កម្ពុជាហ្នឹង គឺអត់មានគំនិតជាតិនិយម ស្នេហាជាតិដូចឈាមថ្មីរបស់ថៃនោះទេដែលគេមានគំនិតស្នេហាជាតិ ហើយឈាមថ្មីរបស់ថៃគេការពារទឹកដី ជៀសជាងការពារអំណាច ហើយឈាមថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត នេះគឺការពារអំណាចជៀសជាងទឹកដី។ ចំណែកអតីតនាយកខុទ្ទកាល័យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក មុត ចន្ថា បាននិយាយនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ កុម្ភៈនេះក្នុងន័យថាអស់ពីអះអាងថាកោះគុតជារបស់សៀម ឥឡូវប្អូនធម៌របស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត គឺនាយករដ្ឋមន្ត្រីសៀម គឺអ្នកស្រី ផែ ថនថាន ស៊ីណាវ៉ាត់ បានអះអាងថាប្រាសាទតាមាន់ធំ ជាកម្មសិទ្ធិរបស់សៀមទៀត លោកនិយាយបែបចំអកថា មេដឹកនាំខ្មែរខុសពីជាតិសាសន៍ដទៃ គឺអ្នកជាតិនិយមដែលឈឺឆ្អាលពីបញ្ហាទឹកដី ជាមួយប្រទេសសៀម និងប្រទេសយួន ត្រូវបានគំរាម និងចាប់ដាក់គុកជាដើម ប៉ុន្តែជាតិសាសន៍ដទៃត្រូវបានរដ្ឋាភិបាលគេលើកទឹកចិត្តទៅវិញ បន្ថែមពីនេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយដែរថានាយករដ្ឋមន្ត្រីថៃបានប្រកាសក្តែងក្តែង ប្រាប់ប្រជាពលរដ្ឋថៃថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងអធិបតេយ្យភាពថៃ មួយរយភាគរយ លោកថានេះជាការរំលោភបំពានលើដំណើរការនៃគណៈកម្មាធិការព្រំដែនប្រទេសទាំងពីរ ដែលមិនទាន់បានបញ្ចប់នៅឡើយសម្រាប់ លោក សួន សូរីដា ករណីនេះរដ្ឋាភិបាលកម្ពុជាគួរធ្វើកំណត់ទូតសួរបញ្ជាក់ពីប្រសាសន៍របស់រដ្ឋាភិបាលថៃ អំពីរឿងថាប្រាសាទតាមាន់ធំស្ថិតនៅក្នុងដែនអធិបតេយ្យភាពថៃមួយរយភាគរយនេះ ឬយ៉ាងណា សម្រាប់លោក សួន សូរីដា គិតថាបើលោក ហ៊ុន ម៉ាណែត ប្រើប្រាស់ជាតិនិយមរឿងបញ្ហាជាតិ បញ្ហាទឹកដីឲ្យបានច្រើន នោះលោកនឹងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងពីមហាជនខ្មែរមិនខាន បន្ថែមពីនេះហ្វេសប៊ុកឈ្មោះ សារ៉ាត់ ស៊ុន បានបង្ហោះសាររបស់ខ្លួន ថ្ងៃទី២០ ខែកុម្ភៈនេះ ដោយនិយាយថាមកទល់ពេលនេះមេដឹកនាំខ្មែរនៅតែយកពាក្យចរចារមកបោកខ្មែរ ទាំងដែលមេដឹកនាំថៃគេបានប្រកាសក្ដែងៗថា គ្មានការចរចាទេព្រោះកោះគុតជារបស់ថៃ ជុំវិញបញ្ហានេះ វិទ្យុ VOD ក៏បានទាក់ទៅ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី និងអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា មិនបានឆ្លើយតបទេដោយមិនលើកទូរស័ព្ទ យ៉ាងណានាយករដ្ឋមន្ត្រី កម្ពុជា លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទីដប់១៩ ខែកុម្ភៈ ថ្លែងជាថ្មីទៀតថារដ្ឋាភិបាលរបស់លោក មិនប្រើយន្តការអន្តរជាតិដើម្បីទាមទារកោះគុតជាមួយថៃ រួមទាំងប្រាសាទតាមាន់តូចទេ លោកបញ្ជាក់ថាភាគីកម្ពុជានឹងបន្តប្រើយុទ្ធសាស្ត្រចរចា ទ្វេភាគីដើម្បីរកដំណោះស្រាយរឿងបញ្ហាព្រំដែន រឿងបញ្ហាព្រំដែនពីណាក៏គិតដែរ មិនមែនមានតែអ្នកជាតិនិយមនោះទេ រដ្ឋាភិបាលមន្រ្តីកិច្ចការព្រំដែនក៏អ្នកជាតិនិយមដែរ ហើយអ្នកជាតិនិយមឆ្អិនឆ្អៅទៀតផង ចរចារអត់បាយអត់ទឹកដើម្បីការពារម៉ាចំអាមចំអាម នេះបើតាមសម្ដី លោក ហ៊ុន ម៉ាណែត ដោយឡែកប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថាបើមេដឹកនាំខ្មែរមិនបង្ហាញឆន្ទៈការពារទឹកដីប្រកបដោយការជឿទុកចិត្ត លោកថាមេដឹកនាំក្បត់ឆន្ទៈរាស្ត្រ ក្បត់ប្រទេសកំណើតរបស់ខ្លួន ប្រៀបបានទៅនឹងបើកដៃឲ្យបរទេសជិតខាង បន្តរគឃ្លើនឈ្លានពានទឹកដីកំណើតរបស់ខ្លួន គ្រួសារលោក ហ៊ុន សែន នេះវាសមនឹងទទួលពាក្យមួយដែលគេចោទថាក្បត់ជាតិហ្នឹងមិនខុសទេ ហើយជាមេដឹកនាំកំសាកបំផុតក្នុងការដឹកនាំប្រទេសកម្ពុជាហ្នឹង ខ្លាំងបានតែជាមួយខ្មែរគ្នាឯងហ្នឹងដល់តែជាមួយប្រទេសជិតខាងហ្នឹងកំសាកជាទីបំផុត សូម្បីតែរដ្ឋធម្មនុញមាន សូម្បីតែកិច្ចព្រមពៀងសន្តិភាពទីក្រុងប៉ារីសមាន សូម្បីតែសន្ធិសញ្ញាអន្តរជាតិ ដែលជាឆ្អឹងខ្នងការពារដែនអធិបតេយ្យជាតិរបស់កម្ពុជា ក៏មិនហ៊ានយកទៅប្រើដើម្បីទាមទារទឹកដីព្រំដែនរបស់ខ្លួនហ្នឹង ពីប្រទេសជិតខាងមកវិញទេ យ៉ាងណាលោក ម៉ែន ណាត ជំរុញឲ្យមេដឹកនាំកម្ពុជាឈាមថ្មីលោក ហ៊ុន ម៉ាណែត ត្រូវធ្វើកំណត់ការទូតទៅ ប្រទេសថៃ ដោយបញ្ជាក់ថា កោះគុត ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច ជាកម្មសិទ្ធិរបស់កម្ពុជាប្រាសាទតាមាន់ធំ ត្រូវបានឈ្លានពានដោយភាគីថៃ តាំងពីអំឡុងឆ្នាំ២០០៨ មកប៉ុន្តែសព្វថ្ងៃនេះភាគីថៃ បានដាក់ទាហានមកយាមរួមគ្នាជាមួយភាគីខ្មែរទៅវិញ ក្នុងនោះគឺមានទាហានខ្មែរ ៧នាក់ និងទាហានថៃ ៧នាក់ ចំណែកឯប្រាសាទតាក្របី ក៏ប្រទេសទាំងពីរបានដាក់ទាហានយាមរួមគ្នាដែរ ខណៈប្រាសាទតាមាន់តូច ត្រូវបានថៃ គ្រប់គ្រងទាំងស្រុងទៅហើយនៅពេលនេះ ហើយសព្វថ្ងៃនេះ ថៃមិនត្រឹមតែគ្រប់គ្រងកោះគុតរបស់ខ្មែរទេ ថែមទាំងគ្រប់គ្រងប្រាសាទខ្មែរចំនួន ៣ទៀត ហេតុនេះ រាជរដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃ ទៅតុលាការអន្តរជាតិទីក្រុងឡាអេ ដើម្បីស្វែងរកយុត្តិធម៌លើការរំលោភបំពានអធិបតេយ្យជាតិរបស់ខ្លួន។

លោក អ៊ុំ សំអាន បាននិយាយថាមុនឆ្នាំ២០១១ ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូច និងប្រាសាទតាក្របី គឺស្ឋិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាទាំងស្រុង គឺគ្មានវត្តមានថៃនៅប្រាសាទទាំងបីនោះទេ តែបច្ចុប្បន្នប្រាសាទតាមាន់តូច ត្រូវបានថៃគ្រប់គ្រងទាំងស្រុង ខណៈប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ត្រូវបានកាន់កាប់រួមគ្នា ដោយប្រើយន្ដការចរចាទ្វេភាគី ប្រភពនោះសំអាងថា តាមការបញ្ជាក់ពីទាហានខ្មែរ បង្គោលព្រំដែននាសម័យបារាំងនៅចម្ងាយជាង មួយគីឡូម៉ែត្រទៅក្នុងទឹកដីថៃ គិតពីប្រាសាទតាមាន់ធំ យ៉ាងណាមិញតាមមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថាសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ទាំងឡាយណាដែលមិនស្របនឹង ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯករាជភាពជាតិ របស់កម្ពុជាត្រូវលុបចោល ដោយឡែកតាមក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថាអំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់ មួយជីវិត៕ លី ហេង