ដោយ Cambodia Daily
អ្នកវិភាគលើកឡើងថា រាល់ជំនួបរវាងមេដឹកនាំកំពូលនៃបក្សកាន់អំណាច លោក ហ៊ុន សែន ជួបជាមួយនឹងមេដឹកនាំបក្សកុម្មុយនីស្តវៀតណាម គឺដើម្បីតែប្រយោជន៍វៀតណាម ជាថ្នូរនឹងអំណាចត្រកូលហ៊ុនបន្តទៅឱ្យលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៤ កុម្ភៈ នេះថា ក្នុងជំនួបរវាងមេដឹកនាំប្រទេសកម្ពុជា និងមេដឹកនាំប្រទេសវៀតណាម នាពេលថ្មីៗនេះ គ្មានផលប្រយោជន៍ជាតិខ្មែរណាមួយដែលលោក ហ៊ុន សែន លើកយកទៅពិភាក្សាជាមួយមេដឹកនាំវៀតណាម ឡើយ ក្រៅតែពីសុំឱ្យវៀតណាម គាំទ្រលោក ហ៊ុន ម៉ាណែត បន្តតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីគាត់នោះ។
លោក គឹម សុខ អះអាងថា គ្រួសារត្រកូលហ៊ុនបានក្លាយជាអ្នកបម្រើដ៏ឆ្នើមបំផុតដល់បរទេសឈ្លានពានជាប្រពៃណី ស៊ីជម្រៅ និងយូរអង្វែងក្នុងប្រវត្តិសាស្ត្រខ្មែរ តាំងពីនគរខ្មែរចាប់កំណើតមក ហើយក្នុងស្ថានភាពប្រទេសកម្ពុជានៅពេលនេះ លោក ហ៊ុន សែន ក៏កំពុងនាំគ្រោះថ្នាក់ដល់ស្រុកខ្មែរយ៉ាងធ្ងន់ធ្ងរដែរ បើប្រទេសកម្ពុជាមិនអាចរកការផ្លាស់ប្ដូរទៅរកប្រជាធិបតេយ្យឱ្យបានទាន់ពេលទេនោះ។
អ្នកវិភាគរូបនេះបញ្ជាក់ថា ប្រព័ន្ធដឹកនាំក្រោមការគ្រប់គ្រងនៃរបបត្រកូលហ៊ុន មិនអាចរក្សាទុកទៀតបានទេ ព្រោះការដឹកនាំរបស់លោក ហ៊ុន សែន ជាង ៤ទសវត្សរ៍មកនេះ បានបង្ហាញយ៉ាងច្បាស់ពីការបំផ្លាញជាតិខ្មែរ ដោយសារតែគាត់នៅតែបន្តបម្រើមហិច្ឆតាបរទេសដែលមានផែនការត្រួតត្រាទឹកដីខ្មែររហូតមកនោះ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលប្រទេសកម្ពុជាបានជួបជាមួយមេដឹកនាំវៀតណាម និងឡាវ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានជុំវិញជំនួបប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម (To Lam) ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ដែលធ្វើឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី២១ ខែកុម្ភៈ នេះថា ភាគីទាំងពីរនឹងបន្តគាំទ្រសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីតភ្ជាប់ទំនាក់ទំនងមិត្តភាពខ្មែរ-វៀតណាម បន្តទៀត ក្នុងក្របខ័ណ្ឌគណបក្ស សភា រដ្ឋាភិបាល និងអង្គការមហាជននៃប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ដោយឡែកក្នុងជំនួបកំពូលត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម មេដឹកនាំបក្សទាំងបីបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មីបន្តទៀត។ នេះគឺគំនិតក្នុងផែនការសហព័ន្ធឥណ្ឌូចិន៕