“ច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម បង្ហាញថាបក្សប្រជាជននៅតែបន្តដឹងគុណវៀតណាម”
ដោយ ឌឹ ខេមបូឌា ដេលី, March 4, 2025
អ្នកឃ្លាំមើលសង្គម ចាត់ទុកការបង្កើតច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មដែលកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ថាជាការបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹងគុណវៀតណាម គ្រប់ជំនាន់។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ច្បាប់នេះអាចនឹងត្រូវប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ចុះហត្ថ លេខាឱ្យប្រើប្រាស់ជាផ្លូវការយ៉ាងឆាប់រហ័សក្នុងនាមប្រមុខរដ្ឋស្ដីទីនៅក្នុងសប្ដាហ៍នេះ។
លោកបន្តថា ការបង្កើតច្បាប់នេះបង្ហាញឱ្យឃើញដែរថា ការឈ្លានពានរបស់វៀតណាម តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ គឺជារឿងត្រឹមត្រូវ។
លោក វ៉ន ចាន់ឡូត សង្ស័យថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហមុនី យាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៣ ខែមីនា នេះ ក្រៅតែពីការពិនិត្យព្រះរាជសុខភាព ក៏ទំនងជាការគេចវេះមិនឡាយព្រះហស្តលេខាដោយផ្ទាល់លើច្បាប់នេះដែរ។
អ្នកសិក្សាផ្នែកច្បាប់រូបនេះបញ្ជាក់ថា ការដែលព្រះអង្គមិនបានឡាយព្រះហស្តលេខាលើច្បាប់នេះ ក៏ជាការបង្ហាញឱ្យឃើញដែរថា ទ្រង់មិនអាចឡាយព្រះហស្តលេខាកាត់ទោសព្រះបិតារបស់ព្រះអង្គ គឺសម្ដេច នរោត្តម សីហនុ និងថ្កោលទោសចិន ដែលជាសម្ព័ន្ធមិត្តរបស់ខ្មែរក្រហមនាពេលនោះទេ។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើងថា ការបង្កើតច្បាប់ប្រឆាំងការមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មខ្មែរក្រហម គឺដើម្បីកុំឱ្យរបបនេះកើតឡើងមកវិញប៉ុណ្ណោះ។
ចំណែកលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) កាលពីចុងខែកុម្ភៈ ថា ការបង្កើតច្បាប់នេះ គឺដើម្បីឆ្លើយតបទៅនឹងក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួនដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងរបបខ្មែរងងឹត ប៉ុល ពត។
ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មដែលកើតមានឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា អនុម័តយល់ព្រមអស់ហើយនៅពេលនេះ គឺរង់ចាំតែព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។
ទោះបីជាអវត្តមានព្រះមហាក្សត្រក៏ដោយ ក៏ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន នឹងត្រូវចុះហត្ថលេខាជំនួសដែរ៕