បុគ្គលឹកធ្វើការពេញម៉ោងទាំងអស់នៅវិទ្យុផ្សាយសម្លេងសហរដ្ឋអាមេរិកត្រូវបានឱ្យឈប់សម្រាកតាមការណែនាំរបស់លោក ត្រាំ
ប្រភពជាច្រើនបានបញ្ជាក់ប្រាប់សារព័ត៌មាន CBS News ថា បុគ្គលិកធ្វើការពេញម៉ោងទាំងអស់នៃវិទ្យុផ្សាយសម្លេងសហរដ្ឋអាមេរិក ហៅកាត់ថា (VOA) ដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល ដែលជាទូរទស្សន៍អន្តរជាតិដ៏ធំបំផុតរបស់ប្រទេស ត្រូវបានគេជូនដំណឹងកាលពីថ្ងៃសៅរ៍ថា ពួកគេត្រូវបានដាក់ឱ្យឈប់សម្រាកតាមបែបរដ្ឋបាល។
បុគ្គលិកត្រូវបានជូនដំណឹងតាមអ៊ីមែលដែលផ្ញើដោយ Crystal G. Thomas នាយកផ្នែកធនធានមនុស្សសម្រាប់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការប្រព័ន្ធផ្សព្វផ្សាយសកលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USAGM) ដែលមើលការខុសត្រូវលើសារព័ត៌មាន VOA និងទីភ្នាក់ងារព័ត៌មានដែលផ្តល់មូលនិធិដោយរដ្ឋមួយចំនួនទៀត ដូចជាវិទ្យុអាស៊ីសេរី ជាដើម។
![]()
សេចក្តីជូនដំណឹងនេះត្រូវបានផ្ញើទៅកាន់ “បុគ្គលិកធ្វើការពេញម៉ោងរបស់វិទ្យុ VOA” ទាំងអស់ រួមទាំងអ្នកយកព័ត៌មាន និង “គ្រប់មធ្យោបាយ រហូតដល់អ្នកគ្រប់គ្រងជាន់ខ្ពស់” ប៉ុន្តែមិនមែនចំពោះបុគ្គលិកជាប់កិច្ចសន្យាទេ ដែលការទំនាក់ទំនងរបស់ពួកគេត្រូវផុតកំណត់នៅក្នុងខែ មិថុនា នេះបើតាមប្រភពព័ត៌មានមួយជាមួយ VOA បានប្រាប់ CBS News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមក ប្រភពទីពីរបានប្រាប់សារព័ត៌មាន CBS News ថាអ្នកម៉ៅការសេវាកម្មផ្ទាល់ខ្លួននៃវិទ្យុ VOA ដែលធ្វើការពេញម៉ោងផងដែរនោះ បានទទួលអ៊ីមែលរដ្ឋបាលដូចគ្នានឹងបុគ្គលិកសហព័ន្ធដែរ។ គិតត្រឹមថ្ងៃសៅរ៍ បុគ្គលិកទាំងអស់មិនអាចចូលទៅកាន់ទីស្នាក់ការកណ្តាលរបស់វិទ្យុ VOA ក្នុងទីក្រុងវ៉ាស៊ីងតោន ឌីស៊ី បានទេ។
ប្រភពបានបន្ថែមថា អ្នកសារព័ត៌មានឯករាជ្យ និងអ្នកពាក់ព័ន្ធរបស់វិទ្យុ VOA ទាំងអស់នៅ ទូទាំងពិភពលោក និងអ្នកដែលមានកិច្ចសន្យា ឬការងារប្រចាំខែ ត្រូវឈប់ធ្វើការ ព្រោះឥឡូវនេះគ្មានលទ្ធភាពបង់ប្រាក់ឱ្យពួកគេទេ។
បុគ្គលិក VOA ខ្លះកំពុងដើរទៅស្ទូឌីយោរបស់ពួកគេ នៅពេលពួកគេបានទទួលការជូនដំណឹងនោះ ហើយត្រូវបានប្រាប់ថា “ហាមចូល ត្រឡប់ទៅផ្ទះវិញទៅ”។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីល្ងាចថ្ងៃសុក្រដែលស្វែងរកការកាត់បន្ថយយ៉ាងទូលំទូលាយនៅទីភ្នាក់ងារទទួលបន្ទុកកិច្ចការប្រព័ន្ធផ្សព្វផ្សាយសកលរបស់សហរដ្ឋអាមេរិក និងទីភ្នាក់ងារផ្សេងទៀតជាច្រើនរួមទាំងក្រុមប្រឹក្សាអន្តរការីរបស់សហរដ្ឋអាមេរិកស្តីពីភាពគ្មានផ្ទះសម្បែង វិទ្យាស្ថានសារមន្ទីរ សេវាកម្មបណ្ណាល័យ និងទីភ្នាក់ងារអភិវឌ្ឍន៍អាជីវកម្មជនជាតិភាគតិច។
បទបញ្ជានេះចែងថា “អង្គភាពបែបនេះនឹងត្រូវកាត់បន្ថយការអនុវត្តមុខងារតាមច្បាប់ និងបុគ្គលិកដែលពាក់ព័ន្ធ ត្រូវមានវត្តមាន និងមុខងារអប្បបរមាដែលច្បាប់តម្រូវ”។
លោក ម៉ៃខល អាប្រាម៉ូវីតស៌ (Michael Abramowitz) នាយកវិទ្យុផ្សាយសម្លេងសហរដ្ឋអាមេរិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលផ្តល់ទៅឱ្យសារព័ត៌មាន CBS News កាលពីថ្ងៃសៅរ៍ថា “ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលជាលើកដំបូងក្នុងរយៈពេល ៨៣ ឆ្នាំមកនេះ ដែលរឿងរ៉ាវរបស់វិទ្យុផ្សាយសម្លេងសហរដ្ឋអាមេរិកកំពុងត្រូវបានគេឲ្យនៅស្ងាត់ស្ងៀម”។ “ខ្ញុំបានដឹងនៅព្រឹកនេះថា បុគ្គលិកស្ទើរតែទាំងអស់របស់វិទ្យុ VOA ច្រើនជាង ១៣០០ នាក់ រួមមាន អ្នកកាសែត ផលិតករ និងបុគ្គលិកគាំទ្រ ត្រូវបានដាក់ឱ្យឈប់សម្រាកតាមបែបរដ្ឋបាលនៅថ្ងៃនេះ។
លោក ម៉ៃខល អាប្រាម៉ូវីតស៌ បានទទួលស្គាល់ថា ទីភ្នាក់ងារនេះត្រូវការ “កំណែទម្រង់គិតគូរ ហើយយើងមានការវិវឌ្ឍក្នុងន័យនេះ។ ប៉ុន្តែសកម្មភាពថ្ងៃនេះនឹងធ្វើឱ្យវិទ្យុ VOA មិនអាចបំពេញបេសកកម្មសំខាន់របស់ខ្លួនបាន។ បេសកកម្មនោះមានសារៈសំខាន់ ជាពិសេស នាពេលបច្ចុប្បន្ននេះ នៅពេលដែលសត្រូវរបស់អាមេរិក ដូចជាអ៊ីរ៉ង់ ចិន និងរុស្ស៊ីកំពុងដាក់ប្រាក់រាប់ពាន់លានដុល្លារដើម្បីបង្កើតការនិទានរឿងមិនពិតដើម្បីបង្ខូចកិត្តិយសសហរដ្ឋអាមេរិក”។
វិទ្យុ VOA បានចាប់ផ្តើមចាក់ផ្សាយជាលើកដំបូងនៅឆ្នាំ ១៩៤២ ហើយបានទៅដល់ទស្សនិកជនចំនួន ៣៦១ លាននាក់នៅទូទាំងពិភពលោកក្នុង ៤៩ ភាសា និងតំបន់មួយចំនួនដែល “នៅដាច់ស្រយាលគ្មានតំណាងសម្រាប់ខ្លួន” ។ មុននឹងធ្វើសកម្មភាពនៅថ្ងៃសៅរ៍ វិទ្យុ VOA មានបុគ្គលិកសរុបប្រហែល ២០០០ នាក់ និងថវិកាប្រចាំឆ្នាំប្រមាណ ២៦០ លានដុល្លារ។
អ្នកកាសែតវិទ្យុ VOA ម្នាក់ដែលបានទទួលការជូនដំណឹងកាលពីថ្ងៃសៅរ៍បានប្រាប់សារព័ត៌មាន CBS News ថា “ប្រជាជនអាមេរិកប្រាកដជានឹងដឹង” ថា នេះគឺជាឧទាហរណ៍មួយទៀតនៃ “ការបាត់បង់អំណាចទន់” របស់សហរដ្ឋអាមេរិកចំពោះប្រទេសរុស្ស៊ី និងចិន។
អ្នកកាសែតវិទ្យុ VOA ម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន CBS News ថា “ខ្ញុំតែងតែរក្សាផលប្រយោជន៍របស់សហរដ្ឋអាមេរិកល្អបំផុតនៅក្នុងចិត្តនៅពេលពន្យល់អំពីគោលនយោបាយផ្លូវការ និងហេតុអ្វីបានជាលទ្ធិប្រជាធិបតេយ្យគឺជាប្រព័ន្ធនយោបាយដ៏ល្អបំផុតសម្រាប់ទស្សនិកជនបរទេសដែលមិនយល់ភាសាអង់គ្លេស”។
កាលពីខែធ្នូ លោកប្រធានាធិបតី ត្រាំ បានប្រកាសថា អ្នកសាធារណរដ្ឋ លោកស្រី Kari Lake ដែលជាអ្នកនិយាយព័ត៌មានដែលបានដំណើរការយុទ្ធនាការ ទទួលបរាជ័យសម្រាប់តំណែងអភិបាល និងព្រឹទ្ធសភាក្នុងរដ្ឋ Arizona គឺជាការជ្រើសរើសរបស់គាត់ដែលធ្វើជានាយកវិទ្យុ VOA ។
លោកស្រី Lake បាននិយាយនៅក្នុងបទសម្ភាសន៍ខែធ្នូជាមួយសារព័ត៌មាន CBS News ថា “ខ្ញុំប្រាកដថា ពួកគេបាន និងកំពុងធ្វើរឿងដ៏អស្ចារ្យមួយចំនួនរួចហើយ។ ខ្ញុំបានពិនិត្យមើល និងពិចារណាសព្វគ្រប់បែបបយ៉ាង” ។ “ខ្ញុំមិននៅទីនោះដើម្បីធ្វើវាជាអ្នកសារព័ត៌មានអោយ ទូរទស្សន៍ ត្រាំ និង MAGA TV ទេ។ វាមិនមែនជាអ្វីដែលត្រូវនិយាយទេ។ នោះមិនមែនជាអ្វីដែលវិទ្យុ VOA ត្រូវធ្វើនោះដែរ”។
ទោះជាយ៉ាងណាក៏ដោយ នៅដើមខែនេះ លោកស្រី Lake បានស្បថចូលកាន់តំណែងជាទីប្រឹក្សាពិសេសរបស់ទីភ្នាក់ងារទទួលបន្ទុកកិច្ចការប្រព័ន្ធផ្សព្វផ្សាយសកលរបស់សហរដ្ឋអាមេរិក។ វាមិនច្បាស់ទេថាតើតំណែងរបស់លោកស្រីនឹងទៅជាយ៉ាងណា ប្រសិនបើ ទីភ្នាក់ងារទទួលបន្ទុកកិច្ចការប្រព័ន្ធផ្សព្វផ្សាយសកលរបស់សហរដ្ឋអាមេរិក ត្រូវបានរំលាយ។
អ៊ីមែលដែលទទួលបានដោយសារព័ត៌មាន CBS News ក៏ត្រូវបានផ្ញើទៅប្រធានវិទ្យុអាស៊ីសេរី Bay Fang និងប្រធានផ្នែកហិរញ្ញវត្ថុនៃវិទ្យុសេរីអឺរ៉ុប/វិទ្យុសេរី លោក Joseph Lataille មកពីលោកស្រី Lake ដោយជូនដំណឹងដល់ពួកគេថា ជំនួយរបស់សហព័ន្ធសម្រាប់អ្នកផ្សាយទាំងពីរត្រូវបានបញ្ចប់៕

