(ភ្នំពេញ) កម្ពុជាអាចប្តឹងថៃទៅតុលាការ ICJ ជាឯកតោភាគី ដោយយោងទៅតាមមាត្រា៣៦ (២) នៃលក្ខន្តិកៈរបស់ ICJ រយៈពេល ១១ថ្ងៃក្រោយ ក្រោយពីប្រទេសថៃ រំលោភបំពានដោយអាវុធពីសំណាក់យោធាថៃ នៅតំបន់មុំបី ខេត្តព្រះវិហារ ដែលបណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់យ៉ាងអយុត្តិធម៌ ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ជូនប្រមុខការទូតថៃ ដើម្បីជំរុញឱ្យភាគីថៃ យល់ព្រមដឹកដៃគ្នាជាមួយកម្ពុជាឡើងទៅដោះស្រាយវិវាទនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
សំណួរបានចោទសួរឡើងថា ហេតុអ្វីបានជាកម្ពុជាត្រូវមានការយល់ព្រមពីភាគីថៃ ដើម្បីប្តឹងបញ្ហាព្រំដែនទៅតុលាការ ICJ? តើកម្ពុជា អាចប្តឹងថៃ ទៅតុលាការ ICJ ជាឯកតោភាគីបានដែរឬទេ?
ប្រមុខការទូតកម្ពុជាបញ្ជាក់ទៅកាន់ភាគីថៃ ថា នេះជាឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់ ប៉ុន្តែរដ្ឋាភិបាលរបស់អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានអះអាងថា ថៃ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិ ICJ នោះឡើយ។
ត្រង់ចំណុចនេះ ទោះបីជាថៃ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការ ICJ ក៏ដោយ ក៏ភាគីកម្ពុជា អាចប្តឹងថៃ ទៅតុលាការ ICJ ជាឯកតោភាគីបានដែរ ក្នុងករណីដែលរដ្ឋទាំងពីរបានទទួលស្គាល់មាត្រា៣៦ វាក្យខណ្ឌ (២) នៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
យោងទៅតាមមាត្រា៣៦ (២) នៃលក្ខន្តិកៈរបស់ ICJ បានចែងថា រដ្ឋភាគីនៃលក្ខន្តិកៈដែលបានទទួលស្គាល់គោលការណ៍IPSO FACTO មានន័យថា រដ្ឋម្ខាងអាចធ្វើសេចក្តីប្រកាស (ដាក់ពាក្យបណ្តឹង) ជាឯកតោភាគី ហើយតុលាការ ICJ នឹងទទួលយកយុត្តាធិការជាស្វ័យប្រវត្តិដោយគ្របដណ្ដប់ទៅលើជម្លោះទាំងឡាយ ដោយពុំចាំបាច់មានការយល់ព្រមពីរដ្ឋម្ខាងទៀតនោះឡើយ។
ថៃ បានចូលជាសមាជិក IPSO FACTO នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៥០ ប៉ុន្តែបានដកគោលការណ៍ IPSO FACTO នេះ ចេញវិញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៦៣ ក្រោយពេលដែលភាគីថៃ ចាញ់ក្តីជាមួយកម្ពុជាក្នុងសំណុំរឿងប្រាសាទព្រះវិហារនៅក្នុងឆ្នាំ១៩៦២។ ចំណែកប្រទេសកម្ពុជាវិញ បានចូលជាសមាជិក IPSO FACTO នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៥៧ រហូតមកដល់បច្ចុប្បន្ននេះ។
ដោយផ្អែកតាមលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ តាមមាត្រា៣៦ (២) គឺតាមរយៈ Advisory Opinion ស្នើឡើងដោយមហាសន្និបាតរបស់អង្គការសហ ប្រជាជាតិ (UNGA) និងក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហ ប្រជាជាតិ (UNSC) ផ្តល់ដោយ ICJ ថៃនឹងមិនត្រឹមតែទទួលរងនូវសម្ពាធការទូតប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងត្រូវបានដាក់សម្ពាធ សេដ្ឋកិច្ច និងពីបទបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ជាឧទាហរណ៍ជាក់ស្តែង នៅក្នុងរឿងក្ដីប្រាសាទព្រះវិហារឆ្នាំ១៩៥៩ កម្ពុជាបានផ្តើមដាក់ពាក្យបណ្តឹងជាឯកតោភាគី ហើយនៅពេលនោះ ICJ នៅតែមានយុត្តាធិការលើជម្លោះនេះដដែល ដោយសារតែភាគីទាំងពីរជាសមាជិកនៃលក្ខន្តិកៈ ICJ និងបានគោរពគោលការណ៍ IPSO FACTO។
មូលហេតុអ្វីបានជានៅពេលប្រទេសថៃ មានកលិយុគផ្ទៃក្នុង តែងតែបង្ករឿងមកលើកម្ពុជា?
បើយោងតាមការវិភាគរបស់លោក នៅ សរាជ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលរបស់អ្នកស្រី ផែថងថាន បានបដិសេធការដាក់វិវាទករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅICJ ហើយ និងបានស្នើសុំធ្វើការដោះស្រាយតាមរយៈគណៈកម្មការព្រំដែនរួមរបស់ប្រទេសទាំងពីរ (JBC)។ លោកបន្តថា សេណារីយ៉ូទី១ នៅពេលរដ្ឋាភិបាលថៃ កំពុងចរចាតាមរយៈJBC ក្រុមយោធានឹងនៅតែក្រឡុកនៅព្រំដែន ហើយបង្កជាជម្លោះជាមួយកម្ពុជាដដែល ព្រោះថាការចរចានេះ នឹងចាញ់ប្រៀបកម្ពុជា ហើយក្រុមយោធា នឹងចោទរដ្ឋាភិបាលថៃ ថាអសមត្ថភាព ធ្វើឱ្យបាត់បង់ទឹកដីចំនួនបួនចំណែកទៅកម្ពុជា ដែលជាកំហុសធំបំផុតក្នុងប្រវត្តិសាស្ត្រនៃនយោបាយរបស់អ្នកស្រី ផែថងថាន ដែលអាចឈានដល់រដ្ឋប្រហារសន្តិភាពមួយក្នុងពេលឆាប់ៗ។
ប្រភពដដែលបន្តថា ប្រសិនបើរដ្ឋប្រហារបានសម្រេច បញ្ហាព្រំដែនជាមួយកម្ពុជានឹងត្រូវស្ងប់ទៅវិញដែរ ព្រោះថៃ ចង់ទុកបញ្ហានេះឲ្យរ៉ាំរ៉ៃតទៅមុខទៀតជាមួយកម្ពុជា ដោយសារថៃ ដឹងខ្លួនថា បើទុកចោល ខ្លួននឹងចំណេញ ព្រោះខ្លួនជាប្រទេសធំ អាចប្រើច្បាប់ព្រៃជាមួយកម្ពុជាបាន តែបើដោះស្រាយជាផ្លូវការ ខ្លួននឹងខាតបង់ ព្រោះត្រូវចូលក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ដែលខ្លួនត្រូវស្មើភាពគ្នាជាមួយកម្ពុជា មិនអាចប្រើច្បាប់ព្រៃបាន។
អ្នកវិភាគខ្មែររូបនេះអះអាងថា សេណារីយ៉ូទី២ បើសិនមានការផ្ទះអាវុធមែន កម្ពុជានឹងលែងបន្ធូរដៃដូចមុនហើយ។ ផ្ទុយទៅវិញ កម្ពុជានឹងធ្វើការវាយបកមួយទំហឹងដូចជំនាន់ អាភីសីត វីចាជីវ៉ា ដើម្បីទាញថ្នាក់ដឹកនាំតំបន់ឲ្យចូលរួមជួយដោះស្រាយ ដូចជា ប្រធានអាស៊ាន ឬប្រទេសឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ហើយក៏អាចមានការអន្តរាគមន៍ការទូតពីជប៉ុន និងពីចិន ផងដែរ។
លោក នៅ សរាជ អះអាងថា សេណារីយ៉ូទី២ នេះ គឺជាដំណាក់កាលត្រៀមរុញបញ្ហានេះទៅអង្គការសហប្រជាជាតិ ឬទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬអាចដល់ក្រុមប្រឹក្សាសន្តិសុខUNSC ក៏ថាបាន ព្រោះជាទម្លាប់អន្តរជាតិ រាល់បញ្ហាទាំងអស់ គេជំរុញឲ្យសាមីប្រទេសព្យាយាមដោះស្រាយទ្វេភាគីជាមុនសិន មុននឹងរុញឡើងទៅថ្នាក់តំបន់ និងសកល។
មានគេសួរថា បើថៃ មិនចូលរួមដោះស្រាយនៅ ICJ ឬមិនគោរពសេចក្តីសម្រេចរបស់ ICJ តើយើងត្រូវធ្វើយ៉ាងណា? លោកសូមបញ្ជាក់ថា ថៃ មិនមែនជាប្រទេសមហាអំណាចដូចរុស្ស៊ី ចិន ឬអាមេរិក ដែលហ៊ានរហូតដល់ថ្នាក់ប្រឆាំងសេចក្តីសម្រេចរបស់ ICJ នោះទេ។
ជាសរុបមក ការនាំរឿងក្ដីទៅកាន់តុលាការ ICJ គឺជាថ្នាំដ៏ស័ក្តិសិទ្ធិ ព្យាបាលជំងឺរ៉ាំរ៉ៃនយោបាយដែលខ្មែរត្រូវធ្វើឡើងដោយគ្មានការរើសអើងចំពោះអ្នកបំពានណាមួយឡើយ។
បើយោងតាមការចុះផ្សាយរបស់ vod នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដែលផ្តល់កិច្ចសម្ភាសន៍ដោយលោក ម៉ែន ណាត បានអោយដឹងថា ដើម្បីឈ្នះក្តីនៅតុលាការអន្តរជាតិ icj ហើយទទួលបានដីដែលថៃកំពុងគ្រប់គ្រងត្រឡប់មកវិញ។
-ទី១ កម្ពុជាត្រូវប្រកាន់រឹងមាំនូវសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយមានផែនទីរបស់បារាំងអមឆ្នាំ១៩០៨ យើងយកផែនទីមកដោះស្រាយ ហើយខ្សែបន្ទាត់ព្រំដែនដែលមាននៅលើផែនទី គឺជាខ្សែបន្ទាត់ព្រំដែនជាក់ស្តែងនៅលើផែនដីយើង ហើយបើសិនជាខ្សែបន្ទាត់ព្រំដែនលើផែនទីរបស់បារាំងខុសពីខ្សែបន្ទាត់ផែនទីថៃ មានន័យថា ថៃឈ្លានពាន ដូច្នេះតុលាការមានសិទ្ធិសម្រេចអោយថៃដកខ្លួនចេញពីតំបន់ព្រំដែនដែលថៃចូលមកកម្ពុជាហួសអ្វីដែលមាននៅក្នុងផែនទី ។
-ទី២ យើងផ្អែកទៅលើប្រវត្តិ សាស្ត្រ ថាតើកម្ពុជាយើងមានប្រវត្តិនៅលើព្រំដែននេះតាំងពីពេលណា ហើយថៃមានប្រវត្តិសាស្ត្រតាំងពីពេលណា?
រដ្ឋសុខោទ័យរបស់ថៃ ទើបតែបង្កើតឡើងនៅសតវត្សរ៍ទី១៣នេះទេ អីចឹងពាក់កណ្តាលចុងក្រោយនៃសម័យអង្គរ ហើយប្រាសាទតាមាន់តូច តាមាន់ធំ គឺគេកសាងឡើងមុនថៃកើតរដ្ឋ គឺសតវត្សរ៍ទី១១ ដូច្នេះថៃគ្មានសិទ្ធិមកកាន់តំបន់នេះទេ ។
-ទី៣ យើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ថៃជារដ្ឋហត្ថលេខី ដែលសន្យាជាឱឡារិកថា គោរពបូរណភាពទឹកដីកម្ពុជា ។
ចំណុចទាំង៣ខាងលើនេះ យើងអាចយកជាទឡ្ហីករក្នុងការប្តឹងទៅតុលាការអន្តរជាតិ ICJ ហើយយើងទទួលបានយុត្តិធម៌នៅសំណុំរឿងក្តីនេះ ៕