ប្រមុខការទូតអាម៉េរិក និងជាទីប្រឹក្សាសន្តិសុខជាតិស្តីទី លោក Marco Rubio នៅថ្ងៃទី២២ ខែមិថុនា បានអំពាវនាវឱ្យចិន លើកទឹកចិត្តអុីរ៉ង់ កុំឱ្យបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងឆៅដ៏សំខាន់មួយ។ អុីរ៉ង់ អាចបិទច្រកដឹកជញ្ជូនប្រេងមួយនេះ ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អាម៉េរិកលើទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងរបស់ខ្លួន។
សារព័ត៌មានអុីរ៉ង់ ដែលស្រង់ប្រភពសមាជិកសភាម្នាក់ នៅថ្ងៃទី២២ ខែមិថុនា បានចុះផ្សាយថា សភាអុីរ៉ង់ បានអនុម័តការបិទច្រកសមុទ្រ Hormuz ហើយ។ យ៉ាងណាមិញ ក្រុមប្រឹក្សាសន្តិសុខជាតិអុីរ៉ង់ ជាស្ថាប័នចុងក្រោយ ដែលសម្រេចបិទច្រកសមុទ្រមួយនេះ។ ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនប្រេង និងថាមពលដ៏សំខាន់ នៅក្នុងតំបន់។
ជុំវិញបញ្ហានេះ ប្រមុខការទូតអាម៉េរិក លោក Marco Rubio បានអំពាវនាវឱ្យចិន លើកទឹកចិត្តអុីរ៉ង់ កុំបិទច្រកសមុទ្រដ៏សំខាន់មួយនេះ។
«ខ្ញុំលើកទឹកចិត្តរដ្ឋាភិបាលចិន ឱ្យជជែកជាមួយពួកគេ (អុីរ៉ង់) ដោយសារពួកគេ (អុីរ៉ង់ បានពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់ប្រេង»។ លោក Rubio ដែលជាទីប្រឹក្សាសន្តិសុខជាតិស្តីទីផងនោះ បានបញ្ជាក់បែបនេះ។ បើតាមមន្រ្តីអាម៉េរិករូបនេះ ប្រសិនបើអុីរ៉ង់បិទច្រកមួយនេះ គឺប្រៀបដូចជាសម្លាប់សេដ្ឋកិច្ចរបស់ខ្លួន និងប្រទេសដទៃផងដែរ។
តាមទិន្នន័យរបស់រដ្ឋបាលព័ត៌មានថាមពល ប្រេងឆៅប្រមាណ ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬ២០ភាគរយនៃប្រេងប្រើប្រាស់ជាសកល គឺដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ប្រសិនបើបិទ តម្លៃប្រេងឆៅ នឹងកាន់តែហក់ឡើង ដោយបន្ថែមពីលើស្ថានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលមានស្រាប់។
ការចង់បិទច្រកមួយនេះ ធ្វើឡើងក្រោយអាម៉េរិក ដែលបានបញ្ជូនយន្តហោះចម្បាំងលើសពី ១២៥គ្រឿង ទៅបំផ្លាញទីតាំងនុយក្លេអ៊ែរចំនួន ៣កន្លែងនៅអុីរ៉ង់៕