Top Mobile Banner

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងមហាផ្ទៃ ២ចំណុចសំខាន់ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើ​កំណែទម្រង់ កងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅ ចំនួន ២សំខាន់ៗ ដើម្បីឈានទៅសម្រេចបានបេសកម្មស្នូល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើបែបនេះ នៅថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល បរិញ្ញាបត្រពន្ធនាគារ និង វគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជូនដល់ជ័យលាភី សរុបចំនួន ៦៩៨នាក់ នៅបណ្ឌិត្យសភានគរបាលជាតិ ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើម្បីឈានទៅសម្រេច​បានបេសកម្មស្នូលដ៏មានសារសំខាន់នេះ ក្រសួងមហាផ្ទៃ ត្រូវបន្ដធ្វើកំណែទម្រង់ កងកម្លាំងនគរបាលជាតិ ជាចាំបាច់ ដោយផ្ដោតលើគោលដៅ ២សំខាន់ៗ៖

ទី១៖ បន្ដពង្រឹងសមត្ថភាពបណ្ឌិត្យសភានគរបាលជាតិកម្ពុជា តាមរយៈការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈ ស្របតាមតម្រូវការចាំបាច់ជាក់ស្ដែង ព្រមទាំង​ធ្វើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព និងក្របសីលធម៌ វិជ្ជាជីវៈ កងកម្លាំង​នគរ​បាល​ជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ របស់អង្គភាពនគរបាល។

ទី២៖ បន្ដយកចិត្ដទុកដាក់ ក្នុងការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយ​គ្រប់គ្រាន់ ដើម្បីគាំទ្រដល់ដំណើរការប្រតិបត្ដិការ និងការបំពេញភារកិច្ច ប្រចាំថ្ងៃ​របស់​មន្ដ្រី​នគរបាលជាតិ ។

សម្តេចធិបតី បានលើកឡើងចំណុចមួយទៀត ដែលរាជរដ្ឋាភិបាល ជាពិសេស​ក្រសួងមហាផ្ទៃ ត្រូវបន្ដយកចិត្ដទុកដាក់ខ្ពស់ផងដែរ សម្រាប់អង្គភាពប្រើប្រាស់​កម្លាំងទាំងអស់​ ដែលត្រូវការសម្ភារៈ និងឧបករណ៍សម្ភារៈគ្រប់គ្រាន់ បម្រើឲ្យការ​ងារជំនាញនីមួយៗ ប្រកបដោយប្រសិទ្ធភាព។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏សូមវាយតម្លៃខ្ពស់ ចំពោះក្រសួងមហាផ្ទៃ បណ្ដាអង្គភាព-ស្ថាប័នទាំងអស់ រួមទាំងបណ្ឌិត្យសភានគរបាលជាតិផង ដែលបានខិតខំចលនាបន្ថែម ព្រោះថា ទំហំថវិកាជាតិមានកំណត់ ៕

ព័ត៌មានទាក់ទង