Top Mobile Banner

សម្ដេច ហ៊ុន សែន៖ «ខ្ញុំរាប់អានជាមួយ ថាក់ស៊ីន មិនដែលចំណេញទេ»

សម្ដេច ហ៊ុន សែន បានទម្លាយរឿងជាច្រើនពាក់ព័ន្ធនឹងត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ។ នាពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា សម្ដេច ហ៊ុន សែន បានរៀបរាប់ថា ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រែខ្លួនពីអ្នកជំនួញមកជាអ្នកនយោបាយថៃនោះ ក៏ដោយសារមានការរួមចំណែកពីសម្ដេច ក្នុងការផ្ដល់គំនិតយោបល់ និងណែនាំផ្លូវមួយចំនួនផង។

លោក ថាក់ស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ពីឆ្នាំ២០០១ ដល់២០០៦ (ក្រោយរងការធ្វើរដ្ឋប្រហារ) ។ ស្រាប់តែបានឱកាសក្លាយជានាយករដ្ឋមន្រ្តីថៃហើយ លោក ថាក់ស៊ីន បានយកល្បែងបិទព្រំដែនជាមួយកម្ពុជា នៅអំឡុងឆ្នាំ២០០៣។ គ្រានោះ កម្ពុជា ក៏បានបិទព្រំដែនវិញ ដើម្បីតបតទៅទង្វើរបស់លោក ថាក់ស៊ីន ។ សកម្មភាពតបតរបស់កម្ពុជាពេលនោះ បានធ្វើឱ្យលោក ថាក់ស៊ីន សម្រេចបើកព្រំដែនថៃវិញភ្លាមៗ ក្រោយពលរដ្ឋថៃតវ៉ា និងចលាចលក្នុងប្រទេស។ នេះបើតាមសម្ដេច ហ៊ុន សែន។

ចូលមកដល់សម័យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា កូនស្រីរបស់ ថាក់ស៊ីន ដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្ននេះវិញ ក៏យកល្បែងបិទព្រំដែន មកលេងជាមួយកម្ពុជាម្ដងទៀតដែរ។ ដោយសារទង្វើដដែលៗបែបនេះហើយ ទើបសម្ដេច ហ៊ុន សែន កត់សម្គាល់ឃើញថា ត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា កំពុងលេងល្បិច និងក្បត់ ចំពោះសម្ដេច។ «ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំ តែខ្ញុំមិនក្បត់គេទេ»។ នេះបើតាមប្រធានព្រឹទ្ធសភា។

ម្ដងនេះ សម្ដេច ហ៊ុន សែន លែងទុកមុខឱ្យត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ទៀតហើយ។ បើតាមសម្ដេច ហ៊ុន សែន ចំណងមិត្តភាព៣០ឆ្នាំរវាងគ្រួសារត្រកូល ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងសម្ដេច ហ៊ុន សែន ត្រូវបែកបាក់គ្នាត្រឹមមួយប៉ប្រិចភ្នែក។ នោះក៏ដោយសារតែការដឹកនាំខ្វះគុណធម៌របស់លោកស្រី ផែថងថាន នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដែលត្រូវជាកូនស្រីរបស់លោក ថាក់ស៊ីន។

«ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំ ត្រូវបានបំផ្លាញដោយកូនស្រីរបស់មិត្តភក្តិ»។ នេះបើតាមសម្ដេច ដែលបានបន្ថែមថា៖«ខ្ញុំរាប់អានជាមួយ ថាក់ស៊ីន មិនដែលចំណេញទេ គឺមានតែខាត»។

ត្រង់ចំណុចនេះ អតីតនាយករដ្ឋមន្រ្តី ដឹកនាំកម្ពុជាជាង៣៧ឆ្នាំរូបនេះ ក៏បានអះអាងថា សម្ដេចបានជួយសង្គ្រោះគ្រួសារលោក ថាក់ស៊ីន ច្រើនណាស់ រាប់ទាំងការផ្ដល់គំនិតយោបល់។ ជាមួយគ្នានេះ សម្ដេច ក៏បានបង្ហើបពីការជួយសង្គ្រោះលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលរងការចាប់ខ្លួនពីក្រុមយោធា ក្រោយការធ្វើរដ្ឋប្រហារទម្លាក់តំណែង កាលពីឆ្នាំ២០១៤ទៀតផង។ បើតាមសម្ដេច ហ៊ុន សែន កម្ពុជាធ្លាប់ផ្ដល់ទីតាំងឱ្យលោកស្រី យីងឡាក់ ធ្វើដំណើរឆ្លងកាត់ទៅកាន់ប្រទេសទី៣ ដើម្បីគេចខ្លួនពីការតាមចាប់របស់ក្រុមយោធា។

«អ៊ុងអ៊ីង (នាយករដ្ឋមន្រ្តីថៃ) ធ្លាប់បានប្រមាថ ហ៊ុន សែន, ហ៊ុន ម៉ាណែត ជាមេដឹកនាំអត់មានវិជ្ជាជីវៈ ដែលជាការប្រមាថមួយធ្ងន់ធ្ងរ »។ នេះជាការលើកឡើងរបស់ប្រធានព្រឹទ្ធសភា ដែលបានបន្ថែមថា ពាក្យសម្តីប្រមាថបែបនេះហើយ ទើបសម្ដេចមិនអាចទទួលយកបាន ហើយទម្លាយសារសន្ទនារវាងសម្ដេច និងលោកស្រី ផែថងថាន នាយករដ្ឋមន្រ្តីថៃ។

សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្ដេច មិនដែលជំពាក់គុណលោក ថាក់ស៊ីន ទេ ពោលគឺមានតែគ្រួសារលោក ថាក់ស៊ីន នោះទេ ដែលជំពាក់គុណសម្ដេច។ បើតាមសម្ដេច កម្ពុជា រំពឹងថា នឹងមានមេដឹកនាំថៃថ្មី មកជំនួសលោកស្រី ផែថងថាន ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែននេះ៕

ព័ត៌មានទាក់ទង