Top Mobile Banner

អភិបាលខេត្តរតនគិរី ប្រកាសមហិច្ឆតាប្រែក្លាយ «តំបន់បឹងកន្សែង»ជាផ្លូវថ្មើរជើង ដូចនៅភ្នំពេញ

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានប្រកាសពីគម្រោងប្រែក្លាយ «តំបន់បឹង​កន្សែង​» នៅក្នុងក្រុងបានលុង ទៅជាផ្លូវថ្មើរជើង ដូចនឹងផ្លូវថ្មើរជើងចតុមុខ នៅភ្នំពេញដែរ​។ លោក ញ៉ែម សំអឿន ថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗបន្ថែមតាមទូរសព្ទថា ​​«គម្រោង​ផ្លូវ​ថ្មើរជើងនៅជុំវិញ​បឹង​កន្សែង»នេះ មាន​ប្រវែង ជាង​២ ០០០ម៉ែត្រ ហើយវានឹង​លេចជា​រូបរាង​ឡើងនៅ​ចុង​ឆ្នាំ​២០២៥នេះ។

បើតាមលោកអភិបាលខេត្តរតនគិរី បច្ចុប្បន្ន ក្រុមការងារ បាន​រៀបចំ​កែលម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​​នៅជុំវិញ​បឹងកន្សែងបាន​ស្អាត ប៉ុន្តែមិនទាន់​បាន​១០០ភាគរយនៅឡើយ។ ដ្បិត​មិនទាន់ក្លាយជា​ផ្លូវថ្មើរជើង Walk Street ផ្លូវការ ប៉ុន្តែសព្វថ្ងៃ នៅជុំវិញ​បឹងកន្សែង​មាន​ប្រជាពលរដ្ឋ និង​ទេសចរ មក​ដើរកម្សាន្ត និង​ហាត់​ប្រាណនៅតាម​បណ្ដោយផ្លូវ​បឹងកន្សែង ច្រើនកុះករ​ដែរ។ ​

​អាជ្ញាធរ​ខេត្ត​បាន​កែលម្អ​សោភ័ណភាព និង​ភ្លើងបំភ្លឺ ធានា​សុវត្ថិភាព និង​សន្តិសុខសម្រាប់​អ្នក​មក​កម្សាន្ត​។ លើសពីនេះ ទេសចរខ្លះថតរូបលេង ជាមួយ​រូបសំណាកដំរី និង​អក រួម​ទាំង​​​​ខ្សែរ៉កផងដែរ។ នេះបើតាមលោក ញ៉ែម សំអឿន ដោយលោកបានបន្ថែមថា៖«ក្រោយ​លើក​សម្រស់​បឹង​កន្សែង ប្រជាពលរដ្ឋ និង​ទេសចរសប្បាយចិត្ត​ ចំពោះ​ការរៀបចំ​នៅជុំវិញបឹងនេះ។ យើង​នឹង​បង្ហើយ​ការរៀបចំការ៉ូឡាឱ្យបានស្អាត»។

ពាក់ព័ន្ធរឿងនេះ កាលពីថ្ងៃទី៣ ខែកក្កដា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏​បាន​​លើកទឹកចិត្ត ឱ្យខេត្តនីមួយៗប្រកួតគ្នា ក្នុងការបង្កើនសោភ័ណភាពនៅទីសាធារណៈនេះ ហើយក៏ចង់ខេត្តទាំងនោះ ​រៀបចំ និងបង្កើនសោភ័ណភាពសួនច្បារ និងកន្លែងកម្សាន្តសាធារណៈ​ប្រជែងជាមួយ«ផ្លូវថ្មើរជើងចតុមុខ-Walk Street»ទៀតផង។

​​​​ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍​នៅរតនគិរី ក៏ត្រូវបានកត់សម្គាល់ថាកំពុងមាន​កំណើន ពីលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ដែរ។

ថ្លែងក្នុង​ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» ឆ្នាំ២០២៥ នៅខេត្ត​រតនគិរី កាលពីថ្ងៃទី​៣០ មិថុនា​​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ថែមទាំងបាន គាំទ្រ និង​លើកទឹកចិត្ត​ដល់​អភិបាលខេត្ត​ ប្រែក្លាយ​តំបន់បឹងកន្សែងក្នុងក្រុងបានលុង ទៅជាផ្លូវថ្មើរជើង ដូចរាជធានីភ្នំពេញដែរ។ ​

«បឹង​កន្សែង​»ជា​បេះដូងនៃ​ក្រុង​បានលុង ក្នុង​ខេត្ត​រតនគិរី។ បឹងនេះ មាន​សួន​ច្បារ និង​ទីធ្លា​សម្រាប់ពលរដ្ឋ រួមទាំង​ទេសចរ​ដើរកម្សាន្ត។ ​លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបង្ហាញ​ការ​ចាប់អារម្មណ៍​ពីបរិស្ថាន និង​សោភ័ណ​ភាពដ៏ស្រស់ស្អាតរបស់បឹងកន្សែង ក្រោយ​រដ្ឋបាលខេត្ត​រៀបចំ​យ៉ាងមនោរម្យ។

«ពិសេសនៅមាត់បឹងកន្សែងនេះ ឃើញ​មាន​ភាព​មនោរម្យណាស់ បៃតង​ក៏​បៃតង ទឹកបឹងក៏​ស្អាត សណ្ដាប់ធ្នាប់ក៏ល្អ។»​។ នេះ​ជា​ការ​លើក​ឡើងរបស់​លោក ហួត ហាក់ ដោយ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី ដើម្បី​ប្រែ​ក្លាយ​តំបន់​បឹង​កន្សែងនេះ ទៅជា​ Walk Streetរបស់ខេត្ត​រតនគិរី​ ដូចរាជធានីភ្នំពេញ។

សម្រាប់​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ប្រសិនបើ​តំបន់​នេះ ក្លាយជា​ Walk Street នោះ​នឹង​ក្លាយ​​​ជា​លំដាប់ទី២ បន្ទាប់ពី​រាជធានីភ្នំពេញ និង​មុនគេ​ ក្នុង​ចំណោម​ខេត្ត​ដទៃ។ ជុំវិញការ​លើកទឹកចិត្ត​របស់លោក ហួត ហាក់ រដ្ឋមន្រ្តីទេសចរណ៍ ជា​ជំហាន​មួយដែល​រដ្ឋបាលខេត្ត​រតនគិរី បាន​គិតគូររួចមកហើយ៕

ព័ត៌មានទាក់ទង