ក្រសួងការពារជាតិលើកទឹកចិត្តឲ្យប្រទេសថៃចូលរួមរកការពិតនៅ ICJ ថាតើអ្នកណាជាម្ចាស់កម្មសិទ្ធិលើប្រាសាទតាក្របី
ខណៈដែលប្រទេសថៃ មិនហានទៅតតាំងនៅមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ថៃបន្តអះអាងថាប្រាសាទតាក្របីស្ថិតនៅក្នុងទឹកដីរបស់គេ ថែមទាំងបានបំពានកិច្ចព្រមព្រៀងក្នុងការចូលទៅទស្សនាប្រាសាទនេះដែលយោធានៃប្រទេសទាំងពីរបានព្រមព្រៀង។ ព្រឹត្តិការណ៍ចុងក្រោយកើតនៅថ្ងៃទី៥ កក្កដា នៅពេលពលរដ្ឋខ្មែរពាក់ក្រមាមានរូបទង់ជាតិ ត្រូវបានពលរដ្ឋនិងទាហានថៃមកហាមឃាត់។
ក្រសួងការពារជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី៦ កក្កដា បានច្រានចោលការអះអាងរបស់សារព័ត៌មាន ទាហាន និងប្រជាជនថៃមួយចំនួន ដែលបានលើកឡើងថាប្រាសាទតាក្របី ស្ថិតក្នុងអធិបតេយ្យរបស់ខ្លួន។ ក្រសួងចាត់ទុកថានេះ គឺជាការបំភ្លៃ និងបំភាន់ខុសពីការពិតទាំងស្រុងដោយសារភាគីថៃបានប្រើប្រាស់ និងសំអាងលើផែនទីដែលគូសជាឯកតោភាគី និងគ្មានតម្លៃតាមផ្លូវច្បាប់។
ក្រសួងការពារជាតិថ្លែងដូច្នេះថា៖ «កម្ពុជាសូមបញ្ជាក់សាជាថ្មីថា ប្រាសាទតាក្របី ដែលស្ថិតក្នុងភូមិសាស្ត្រ មានទីតាំងស្ថិតនៅលើភ្នំដងរ៉ែក ភូមិមនោរម្យសែនជ័យ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គឺស្ថិតក្នុងបូរណភាពទឹកដី និងអធិបតេយ្យទាំងស្រុងរបស់កម្ពុជា ដោយផ្អែកលើផែនទីស្របច្បាប់ ដែលអន្តរជាតិទទួលស្គាល់»។
ក្រសួងលើកទឹកចិត្តឲ្យប្រទេសថៃចូលរួមជាមួយកម្ពុជាក្នុងការដោះស្រាយករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ បើចង់ដឹងច្បាស់ថា ប្រាសាទតាក្របីនេះជាកម្មសិទ្ធិរបស់អ្នកណា។
ក្រសួងបន្តថា ការដែលថៃហាមមិនឱ្យប្រជាជនកម្ពុជាប្រើប្រាស់ក្រមាបង់ករចនារូបទង់ជាតិកម្ពុជាតូចមួយ ស្របពេលដែលអនុញ្ញាតឱ្យប្រជាជនថៃខ្លួនឯងប្រើប្រាស់អាវ និងពាក់របស់របរផ្សេងៗមានរូបទង់ជាតិថៃយ៉ាងសន្ធឹកសន្ធាប់ គឺជាទង្វើបំពានកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមកទាំងស្រុង។
ក្រសួងបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាមានសិទ្ធិស្លៀកសំលៀកបំពាក់ និងប្រើប្រាស់សម្ភារៈដែលមានរចនារូបទង់ជាតិកម្ពុជាបានពេលទៅទស្សនាប្រាសាទតាក្របី។ ព្រោះចំនុចនេះមិនបានបំពានកិច្ចព្រមព្រៀងឡើយ»។
ព្រឹត្តិការណ៍ដែលកើតឡើងនៅប្រាសាទតាក្របី នៅថ្ងៃទី៥ កក្កដា បង្ហាញពីអ្នកទេសចរជនជាតិថៃម្នាក់បានផ្ទុះកំហឹងចង់ប្រើប្រាស់អំពើហិង្សាមកលើអ្នកទេសចរកម្ពុជា។ ពលរដ្ឋកម្ពុជាំបានពន្យល់ដោយលើកហេតុផលត្រឹមត្រូវ និងគ្រាន់តែនិយាយថាប្រាសាទតាក្របីនេះនៅក្នុងទឹកដីកម្ពុជាទាំងស្រុង ហើយសួរថាហេតុអ្វីបានប្រជាជនថៃប្រើរូបទង់ជាតិបាន បែរជាមកហាមប្រជាជនកម្ពុជា។
ក្រសួងការពារជាថ្លែងថា ភាគីថៃត្រូវគោរពតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាហើយនេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងបង្កឱ្យមានភាពតានតឹង ឬឧប្បត្តិហេតុណាមួយដែលភាគីទាំងពីរសុទ្ធតែមិនចង់ឃើញ៕