ភ្នំពេញ៖ នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គមថៃ បានចោទកម្ពុជាថា ពឹងក្រុមចោរបច្ចេកវិទ្យា (Hacker)កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ ជុំវិញការចោទប្រកាន់នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងថា កម្ពុជាមិនមានទំនាក់ទំនងជាមួយក្រុមចោរបច្ចេកវិទ្យា(Hacker) កូរ៉េខាងជើង ដូចការចោទប្រកាន់នេះទេ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាត់ទុកការចោទប្រកាន់របស់ថៃ ជាចេតនាអាក្រក់ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។ ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ បានសង្កេតឃើញថាក្រុមចោរបច្ចេកវិទ្យា(Hacker)ថៃឈ្មោះ BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជាស្ទើរតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ។
ទោះមានការរំខានពីក្រុមចោរបច្ចេកវិទ្យាថៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អះអាងថា បានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព ខណៈទទួលរងការប៉ះពាល់តិចតួចប៉ុណ្ណោះ។ ក្រសួងប្រៃសណីយ៍ ក៏អំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នខ្ពស់លើបញ្ហានេះ ជាពិសេសព័ត៌មានមិនពិតដែលផ្សាយលើបណ្ដាញសង្គម។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចេញផ្សាយថ្ងៃទី៧ កក្កដានេះ៕