Top Mobile Banner

អាស៊ាន ប្រាប់មហាអំណាចឱ្យដោះស្រាយជម្លោះប្រកបដោយការទទួលខុសត្រូវ

ប្រមុខការទូតអាស៊ាន បានជំរុញឱ្យប្រទេសមហាអំណាចគ្រប់គ្រងជម្លោះរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវ និងស្ថាបនា។ រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និងជាប្រធានផ្លាស់វេនអាស៊ាន លោក Mohamad Hasan បានបញ្ជាក់បែបនេះ នៅថ្ងៃទី១១ ខែកក្កដា ក្រោយកិច្ចប្រជុំរយៈពេល ៣ថ្ងៃ នៅទីក្រុងគូឡាឡាំពួ។

ស្របពេលភូមិសាស្រ្តនយោបាយកំពុងមានភាពតានតឹង និងសង្រ្គាមជាច្រើនកន្លែងក្នុងពិភពលោក រដ្ឋមន្រ្តីការបរទេសអាស៊ាន បានជួបជុំគ្នាដូចរាល់ៗ នៅទីក្រុងគូឡាឡាំពួ ដើម្បីបង្ហាញពីក្តីបារម្ភ និងប្តេជ្ញាលើកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ និងប្រទេសដៃគូ។ ទាក់ទិននឹងភាពតានតឹងភូមិសាស្រ្តនយោបាយបែបនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានទទូចឱ្យប្រទេសមហាអំណាច គ្រប់គ្រងជម្លោះប្រកបដោយការស្ថាបនា។

«ដើម្បីធានាថាតំបន់អាស៊ីអាគ្នេយ៍បន្តសន្តិភាព ស្ថិរភាព និងវិបុលភាព យើងបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ តាមរយៈវេទិកាអាស៊ាន ដោយផ្តោតលើភាពរួមគ្នា ជាជាងការខ្វែងគំនិតគ្នា»។ ប្រមុខការទូតម៉ាឡេស៊ី លោក Mohamad Hasan បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។

ស្របពេលប្រទេសអាស៊ាន និងបណ្តាប្រទេសផ្សេងទៀត បានរងពន្ធគយបដិការរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ដែលនឹងអនុវត្តពីថ្ងៃទី១ ខែសីហា លោក Mohamad Hasan បានសង្កត់ធ្ងន់ថា នយោបាយ និងសេដ្ឋកិច្ច ត្រូវតែមានភាពស្របគ្នា ហើយមិនអាចត្រូវបានផ្តាច់ពីគ្នាបានឡើយ។

ក្នុងចំណោមបណ្តាប្រទេសអាស៊ាន លោក ត្រាំ បានដាក់ពន្ធគយលើមីយ៉ាន់ម៉ា និងឡាវចំនួន ៤០ភាគរយ, កម្ពុជា និងថៃ ចំនួន ៣៦ភាគរយ, ឥណ្ឌូណេស៊ី ៣២ភាគរយ, ព្រុយណេ និងម៉ាឡេស៊ីចំនួន ២៥ភាគរយ, វៀតណាម និងហ្វីលីពីនចំនួន ២០ភាគរយ៕

ព័ត៌មានទាក់ទង