អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងសម្របសម្រួលប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព

(ពោធិ៍សាត់)៖ ក្រោយទទួលបានបទបញ្ជាពី សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសម្របសម្រួលបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។

ក្នុងឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋទាំងអស់ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយនាពេលនេះ។

លោកបានបញ្ជាក់ថា សម្តេចបានយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាក់ស្តែងដូចបងប្អូនពុកម៉ែរស់នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ លោកបន្ថែមថាទីកន្លែងនេះ គឺមានសុវត្ថិភាពខ្ពស់ មានទាំងគ្រូពេទ្យ និងមានស្បៀងអាហារគ្រប់គ្រាន់ផ្តល់ជូនបងប្អូន។ ចំពោះបងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលពុំទាន់បានចាកចេញ យើងក៏មានរថយន្តដើម្បីត្រៀមជម្លៀសចេញជាបន្តបន្ទាប់ផងដែរ។

លោកក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពជាប់ជាប្រចាំ ដោយត្រូវប្រកាន់ភ្ជាប់ ការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត និងត្រូវត្រៀមលក្ខណៈ ក្នុងការវិលត្រឡប់ទៅកាន់លំនៅដ្ឋានជាប្រក្រតីឡើងវិញ ក្រោយពេលដែលស្ថានភាព នៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ និងមានសន្តិសុខល្អប្រសើរ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន។

រហូតមកដល់រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកងទ័ពកម្ពុជាបន្តគ្រប់គ្រងទាំងស្រុង នៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ។ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ៕

ព័ត៌មានទាក់ទង