យោធាថៃឥតសាសនា បាញ់កាំភ្លើងធំកម្ទេច វត្តតាមាន់សែនជ័យ និងបណ្តាលឱ្យតាអាចារ្យម្នាក់ស្លាប់

(ឧត្តរមានជ័យ)៖ យោធាថៃ ជាជាតិសាសន៍កាន់ព្រះពុទ្ធសាសនា តែចិត្តព្រៃផ្សៃ បានបាញ់កាំភ្លើងធំកម្ទេចទីអារាម ព្រះពុទ្ធបដិមារ និងទីសក្ការៈបូជានានា នៅវត្តតាមាន់សែនជ័យ។ ការបាញ់កម្ទេចទីអារាម និងសម្លាប់តាអាចារ្យប្រកបដោយភាពព្រៃផ្សៃពីសំណាក់យោធាថៃ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ជាថ្ងៃ​ដែលយោធាឈ្លានពានថៃ បើកការបាញ់ប្រហារ និងបញ្ឆេះសង្គ្រាមជាមួយកម្ពុជា។

វត្តតាមាន់សែនជ័យ ស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ពោលគឺនៅជាប់នឹងជើងភ្នំដងរែកជាទីកន្លែងគោរពបូជា និងប្រណិប័តន៍ធម៌យ៉ាងខ្ជាប់ខ្ជួនរបស់​ប្រជាពុទ្ធបរិស័ទនៅក្នុងតំបន់នោះ។

ក្រោមទម្ងន់គ្រាប់កាំភ្លើងធំរបស់ទាហានចិត្តឃោរឃៅថៃ បានបំផ្លាញសាលាបុណ្យ និងទីសក្ការៈនានាក្នុងវត្តខ្ទេចខ្ទីគ្មានសល់។ កាន់សោកសៅថែមទៀតនោះ លោកតា​អាចារ្យ ដែលជាអ្នកប្រតិបត្តិធម៌ និងថែទាំទីអារាម ក៏ត្រូវបានស្លាប់ក្រោមទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាឈ្លានពានថៃ យ៉ាងអាណោចអាធ័មជាទីបំផុត។

លោកតាអាចារ្យ ដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ជី ឃាង ហៅលោក​តា​សក់ស​អាយុជាង៧០ឆ្នាំ។ សពលោកតាបានស្លាប់ក្រោមគំនរអាស្រមបាក់បែក ហើយទើប​ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាបានចូលទៅដឹកសពរបស់លោកតា មកធ្វើបុណ្យតាមប្រពៃណី។

លោកតាបានស្លាប់តាំងពីថ្ងៃម្សិលមិញ តែគេមិនអាចចូលទៅដឹកបាន ដោយសារតំបន់នោះជាសមរភូមិក្តៅ ហើយមានការបាញ់ផ្លោងកាំភ្លើងធំពីសំណាក់យោធាថៃយ៉ាងខ្លាំង។ ទើបនៅរសៀលថ្ងៃនេះ ស្ងាត់ការបាញ់​ផ្លោងកាំភ្លើងធំពីយោធាថៃ ទើប​យោធារបស់កម្ពុជា ចូលទៅយកសពរបស់លោកតា។

សូមបញ្ជាក់ថា នៅភូមិសាស្ត្រស្រុកបន្ទាយអំពិលនៅតាមជើងភ្នំដងរែក ជាសមរភូមិយ៉ាងក្តៅគគុក ដោយយោធាថៃបានបាញ់កាំភ្លើងធំយ៉ាងខ្លាំងបំផុត។ ផ្ទះសម្បែងប្រជាពលរដ្ឋ ផ្លូវថ្នល់ និងដើមឈើជាច្រើន បានបន្សល់ស្នាមជាច្រើនបន្សល់ពីទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាថៃ៕

ព័ត៌មានទាក់ទង