ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះទេ, ម៉ោង២៖៣០នាទីបាញ់ផ្លោងចូលភ្នំខ្មោច និងម៉ោងជាង៤បាញ់ផ្លោងចូលប្រាសាទតាមាន់

(ព្រំដែន)៖ ទាហានឈ្លានពានថៃ នៅលើសមរភូមិជាក់ស្តែង មិនទាន់ស្តាប់បទបញ្ជារបស់រដ្ឋាភិបាលស្តីពីបទឈប់បាញ់នោះឡើយ គឺនៅបន្តបាញ់ផ្លោងចូលដីកម្ពុជាដដែល។ សម្រាប់សមរភូមិចាន់ក្រហមភ្នំខ្មោច ទាហានឈ្លានពានថៃ បានបាញ់ផ្លោងតាំងពីម៉ោង ២៖៣០នាទី ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ 

រហូតមកដល់ម៉ោងជិត ៧ព្រឹកថ្ងៃទី២៧ ខែកក្កដានេះ សមរភូមិប្រយុទ្ធមិនទាន់ស្ងប់ស្ងាត់នោះទេ ពោលនៅបន្តវ៉ៃគ្នាដដែល។

ដោយឡែកនៅសមរភូមិប្រាសាទតាមាន់ និងជប់គរគី ទាហានឈ្លានពានថៃ បានចាប់ផ្តើមបាញ់ចូលដីកម្ពុជា នៅវេលាម៉ោងជាង ៤ទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ហើយរហូតមកដល់ម៉ោងជិត៧នេះ ការប្រយុទ្ធគ្នាមិនទាន់ចប់នៅឡើយទេ។ 

ទាហានឈ្លានពានថៃ ទំនងចង់ប្រើយុទ្ធសាស្រ្តបុកវ៉ៃយកទីតាំងឈរជើង មុនឯកភាពបទឈប់បាញ់ តែវ៉ៃទៅមិនរួច ដោយសារកងទ័ពកម្ពុជាដ៏ក្លាហានរបស់យើងកំពុងតស៊ូប្រយុទ្ធយ៉ាងអង់អាច និងមិនឲ្យទាហានថៃអាចវ៉ៃមកឈរជើងបានឡើយ៕

ព័ត៌មានទាក់ទង