គិតត្រឹមម៉ោង៩៖៥០នាទីយប់! សមរភូមិមុំបីទាហានឈ្លានពានសៀមនៅបន្ដផ្លោង តែមិនវាយថ្មើរជើង តែសមរភូមិប្រយុទ្ធផ្សេងទៀតរៀងថមថយ
(ព្រះវិហារ)៖ គិតត្រឹមម៉ោង៩៖៥០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សមរភូមិមុខនៅតំបន់ប្រាសាទព្រះវិហារ មានសភាពថមថយ ខណៈតំបន់មុំបី ទាហានឈ្លានពានសៀមនៅបន្ដផ្លោងចូលដីយើង តែមិនមានការប្រើប្រាស់កម្លាំងវាយថ្មើរជើងនោះ។
តំបន់ទាំងអស់នេះ កងទ័ពកម្ពុជាបន្ដគ្រប់គ្រងដដែលយ៉ាងរឹងមាំបំផុត។
សូមបញ្ជាក់ថា នៅយប់នេះនៅសមរភូមិប្រយុទ្ធនៅប្រាសាទព្រះវិហារ ៥មករា វាយឥន្ទ្រីយ៍ និងភ្នំទ្រព្យ រៀងស្ងប់បន្តិចហើយ ក្រោយកងទ័ពកម្ពុជាវាយបកយ៉ាងធ្ងន់ធ្ងរ ទៅលើទាហានឈ្លានពានសៀម ដែលបានបាញ់ផ្លោងចូលដីកម្ពុជាទាំងកម្រោល។
សេចក្តីរាយការណ៍ពីសមរភូមិជួរមុខ បានបញ្ជាក់ថា នៅល្ងាចនេះ ក្រោយទាហានឈ្លានពានសៀម បានធ្វើការវាយប្រហារ និងបាញ់ផ្លោងដោយអាវុធធន់ធ្ងន់ ចូលដែនអធិបតេយ្យកម្ពុជាជាច្រើនគ្រាប់នោះ ជាការឆ្លើយតបក្នុងសិទ្ធិ ការពារខ្លួន កងទ័ពដ៏អង់អាចក្លាហានរបស់យើង បានធ្វើការវាយត្រឡប់ទៅវិញយ៉ាងចាស់ដៃ ហើយធ្វើឲ្យកងទ័ពសត្រូវផ្អាកសកម្មភាពបាញ់ផ្លោងមកទៀត ដូច្នេះអាចវាយតម្លៃថា ច្បាស់ជាត្រូវចំមូលដ្ឋានទ័ពរបស់ពួកគេហើយ។