នេះសេចក្តីថ្លែងការណ៍របស់ប្រទេសសៀមនៅថ្ងៃនេះ

នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៩:០០ នាទី នៅរដ្ឋសភា ប្រទេសថៃ អំឡុងកិច្ចប្រជុំព្រឹទ្ធសភាដែលមាន ឧត្តមសេនីយ៍ឯក ក្រៀងក្រៃ ស្រីរ័ក្ស (Kriangkrai Srirak) អនុប្រធានព្រឹទ្ធសភាទីមួយ ជាប្រធានអង្គប្រជុំនោះ ឧត្តមសេនីយ៍ឯក សុគិត ថាំងថង (Sukij Thangthong) សមាជិកព្រឹទ្ធសភា បានក្រោកឡើងថ្លែងសុន្ទរកថា និងបានផ្តល់អនុសាសន៍ទាក់ទងនឹងស្ថានភាពព្រំដែនថៃ-កម្ពុជា ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។

អនុសាសន៍ ៨ ចំណុចរបស់ឧត្តមសេនីយ៍ឯក សុគិត
ឧត្តមសេនីយ៍ឯក សុគិត បានស្នើវិធានការសំខាន់ៗចំនួន ៨ ចំណុចដល់រដ្ឋាភិបាលថៃ៖
១. ប្រកាសច្បាប់អាជ្ញាសឹក នៅក្នុងខេត្តជាប់ព្រំដែនចំនួន ៧ រួមមាន៖ ឧប្បលរាជធានី (Ubon Ratchathani), ស៊ីសាកេត (Sisaket), សុរិន្ទ (Surin), បុរីរម្យ (Buriram), ស្រះកែវ (Sa Kaeo), ច័ន្ទបុរី (Chanthaburi) និងត្រាត (Trat)។ គោលបំណងគឺដើម្បីផ្តល់អំណាចពេញលេញដល់យោធាក្រោមគោលការណ៍ CI31 ដើម្បីការពារអធិបតេយ្យភាពជាតិប្រកបដោយឯកភាព។ កងកម្លាំងយោធាបន្ថែមនៅតាមតំបន់ទាំងនេះនឹងទទួលបានសិទ្ធិគុណពីរដង និងសិទ្ធិផ្សេងៗទៀតដែលគិតត្រឡប់ទៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។

២. កែសម្រួលអនុស្សរណៈនៃការយោគយល់គ្នា (MOU)៖ កែសម្រួល MOU ២០០១, MOU ២០០០, និង JC៤៤ ដែលប្រទេសថៃអាចនឹងមានភាពអន់ថយនៅក្នុងចំណុចមួយចំនួន ដើម្បីឱ្យមានភាពច្បាស់លាស់ និងផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ។

៣. បិទច្រកព្រំដែន៖ បិទគ្រប់ច្រកព្រំដែនគោក ដែនទឹក និងដែនអាកាសភ្លាមៗ រហូតទាល់តែការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ទាំងស្រុង ហើយគ្មានតំបន់ត្រួតស៊ីគ្នាឡើយ ដោយមិនអនុញ្ញាតឱ្យកម្ពុជាចូលជាដាច់ខាត។ ទោះជាយ៉ាងណាក៏ដោយ ត្រូវគិតគូរពីសុវត្ថិភាពនៃជើងហោះហើរពាណិជ្ជកម្ម។

៤. កាត់ផ្តាច់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈ៖ កាត់ផ្តាច់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈគ្រប់ប្រភេទដែលតភ្ជាប់ទៅប្រទេសកម្ពុជា រួមមាន អគ្គិសនី ទឹក អ៊ីនធឺណិត និងទូរស័ព្ទ រហូតទាល់តែស្ថានភាពព្រំដែនត្រូវបានដោះស្រាយ។

៥. លុបចោលការនាំចេញថាមពល៖ លុបចោលការនាំចេញថាមពល ប្រេងឆៅ ប្រេងចម្រាញ់រួច និងឧស្ម័នធម្មជាតិទៅកាន់ប្រទេសកម្ពុជាជាដាច់ខាត។ អ្នកណាដែលបំពាននឹងចាត់ទុកថាបានបំពានច្បាប់អាជ្ញាសឹក ហើយត្រូវបញ្ជូនទៅតុលាការភ្លាមៗ។

៦. បណ្តេញពលករបរទេសកម្ពុជា៖ ជំរុញការបណ្តេញពលករបរទេសកម្ពុជាចេញពីប្រទេស និងលុបចោលប័ណ្ណឆ្លងដែនកម្ពុជានៅទូទាំងព្រះរាជាណាចក្រថៃសម្រាប់ប្រទេសដើមភ្លាមៗ ទោះបីជាអ្នកទាំងនោះបានចូលដោយស្របច្បាប់ក៏ដោយ រហូតទាល់តែការបោះបង្គោលព្រំដែនគោក និងសមុទ្រត្រូវបានបញ្ចប់ទាំងស្រុង។

៧. កាត់ផ្តាច់ទំនាក់ទំនងការទូត៖ កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា រហូតទាល់តែការបោះបង្គោលព្រំដែនត្រូវបានបញ្ចប់ទាំងស្រុង ហើយគ្មានតំបន់ត្រួតស៊ីគ្នាជាដាច់ខាត។

៨. សាងសង់របងអចិន្ត្រៃយ៍ និងបណ្តេញប្រជាជនកម្ពុជា៖ អនុវត្តការសាងសង់របងអចិន្ត្រៃយ៍នៅតាមព្រំដែន និងបណ្តេញប្រជាជនកម្ពុជាដែលបានតាំងទីលំនៅខុសច្បាប់នៅក្នុងទឹកដីថៃភ្លាមៗ ក៏ដូចជារុះរើសំណង់ខុសច្បាប់ទាំងអស់៕

ព័ត៌មានទាក់ទង