មួយថ្ងៃ ថៃ រញ្ជួយដី ៤លើក

ត្រឹមមួយថ្ងៃចន្ទទី៤ខែសីហាឆ្នាំ២០២៥ប៉ុណ្ណោះ ស្រុក Mueang នៃខេត្ត Mae Hong Son ភាគពាយព្យប្រទេសថៃ កើតមានការរញ្ជួយដីរហូតដល់ទៅ៤លើក។

ការរញ្ជួយដីដំបូងកើតឡើងនៅម៉ោង ៦:៣៩នាទីល្ងាច មានកម្រិត ៣.១រ៉ិចទ័រ ជាមួយជម្រៅ២គីឡូម៉ែត្រ។ ការរញ្ជួយដីលើកទី២កើតឡើងនៅម៉ោង ៦:៥៩នាទីល្ងាច កម្រិត ២.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រ, លើកទី៣នៅម៉ោង ៧:០៦នាទីយប់ កម្រិត ១.៦រ៉ិចទ័រ ជម្រៅ៣គីឡូម៉ែត្រនិងលើកទី៤នៅម៉ោង ៧:១៤នាទីយប់ កម្រិត ២.៤រ៉ិចទ័រ ជម្រៅ២គីឡូម៉ែត្រ។

អ្នកស្រុក Mueang ប្រាប់ថា ពួកគេដឹងពីការរង្គើនិងញ័រ ខណៈបើតាមការបញ្ជាក់ពីមន្ត្រីជំនាញ, ដោយសាររញ្ជួយដីទាំងនេះមានកម្លាំងខ្សោយ វាមិនបង្កការខូចខាតអ្វីទេ។

សូមជម្រាបថា មូលហេតុដែលថៃឧស្សាហ៍កើតរញ្ជួយដី ព្រោះប្រទេសនេះស្ថិតនៅកណ្តាលរវាងប្លាកទ្វីបធំៗជាច្រើនដូចជា ប្លាកឥណ្ឌា និង ប្លាកអឺរ៉ាស៊ី។

ការរំកិលនិងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់នៃប្លាកទាំងនេះ បានបង្កើតសម្ពាធយ៉ាងខ្លាំងដែលជះឥទ្ធិពលដល់តំបន់ជុំវិញ រួមទាំងប្រទេសថៃផងដែរ។ សម្ពាធនេះបង្កឲ្យមានការបាក់ស្រុតនៅតាមខ្សែបាក់ដីក្នុងប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ  ដកស្រង់ពីកម្ពុជាថ្មី

ព័ត៌មានទាក់ទង