CMAC អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់បង្កដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលច្បាប់អន្តរជាតិហាមឃាត់

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់តំបន់រងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម​ ក្នុងស្រុកមួយចំនួននៃខេត្តឧត្តរមានជ័យ និងព្រះវិហារ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់បែកចង្កោមរបស់ទាហានថៃ ដែលប្រើប្រាស់ក្នុងរយៈពេល៥ថ្ងៃ នាពេលកន្លងមកនេះ។

បើតាមលោក ហេង រតនា, ក្នុងសង្គ្រាមរយៈពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ​ ភាគីសៀមបានប្រើប្រាស់កាំភ្លើងធំ ១៥៥មម​ ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់ មានកូនគ្រាប់បែកចង្កោម M46 នេះចំនួន៥៦។ កូនគ្រាប់បែកចង្កោមដែលបាញ់ហើយមិនផ្ទុះ​ មានហានិភ័យខ្ពស់ណាស់​ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា​ គ្រាប់បែកចង្កោមទាំងនោះ​ អាចស្ថិតនៅលើដើមឈើ​ ឬលើដំបូលផ្ទះ​ ឬលើដី​ ឬក្នុងដី​ ឬក្នុងទឹកជាដើម។

កម្លាំងអង្គភាព CMAC បានរកឃើញគ្រាប់បែកខាងលើនេះ នៅភូមិសាស្ត្រមួយចំនួន​ និងកំពុងតែមមាញឹកចុះស្រាវជ្រាវ​ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា​ និងធ្វើការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ហេង រតនា បានអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយត្ន័ខ្ពស់ នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម នៅតាមភូមិឋានក្នុងស្រុកសំរោង​ ស្រុកបន្ទាយអំពិល​នៃខេត្តឧត្តរមានជ័យ​ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ»

សូមបញ្ជាក់ថា​ ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោម បានចូលជាធរមាន​នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ ចូលរួម​ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ​ បានឃើញ ឬសង្ស័យគ្រាប់បែកចង្កោម​ ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ សូមទាក់ទងមន្ត្រីជំនាញអង្គភាពស៉ីម៉ាក់​ ឬអាជ្ញាធរមូលដ្ឋាន​ ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត​ ដើម្បីជួយដោះស្រាយជូន៕

ព័ត៌មានទាក់ទង