(ភ្នំពេញ)៖ ក្នុងពេលដែលព្រំដែនកម្ពុជា-ថៃ កំពុងតែពោរពេញដោយភាពតានតឹង និងការបំពានជាបន្តបន្ទាប់, កិច្ចប្រជុំវិសាមញ្ញ RBC ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ បានបង្ហាញនូវពន្លឺនិងច្រកផ្លូវ នៃក្តីសង្ឃឹមថ្មីមួយជាវិជ្ជមាន។
តើអ្វីជាចំណុចធំៗ និងជាសារៈសំខាន់ដែលកិច្ចប្រជុំ RBC បានផ្តល់នូវក្តីសង្ឃឹមក្នុងពេលនេះ?
អត្ថបទស៊ីជម្រៅ នឹងបង្ហាញជុំវិញចំណុចទាំងនេះ៖
ទោះបីជាស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្រោមសម្ពាធនៃភាពតានតឹង និងមិនទាន់រកឃើញចំណុចអវសាននៃជម្លោះយ៉ាងណាក៏ដោយ, កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានបញ្ចេញនូវសញ្ញារីកចម្រើនគួរឱ្យចាប់អារម្មណ៍។ កិច្ចប្រជុំយោធាថ្នាក់តំបន់ ដែលចូលរួមដោយបញ្ជាការដ្ឋានយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាត របស់ថៃ ក្នុងពេលនេះគឺជាការបញ្ជាក់ថា ភាគីទាំងពីរ មានឆន្ទៈប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះតាមផ្លូវសន្តិវិធី។
ចំណុចសំខាន់ ដែលបានចេញពីសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ RBC នេះ គឺការប្តេជ្ញាអនុវត្តន៍លទ្ធផលកិច្ចព្រមព្រៀងមុនៗទាំងឡាយ ការពង្រឹងទំនាក់ទំនងរវាងយោធា និងយោធាតាមព្រំដែន ការពិភាក្សាអំពីបញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងព្រំដែន ការជៀសវាងនូវសកម្មភាពបង្កតានតឹង និងការប្តេជ្ញាថែមទៀត ក្នុងការផ្លាស់ប្តូរបរិយាកាសតាមព្រំដែនឲ្យក្លាយជាកន្លែងសុវត្ថិភាព សុខដុមរមនា និងមានទំនុកចិត្តរវាងគ្នាទៅវិញទៅមក។
* តើចំណុចធំៗនៃកិច្ចប្រជុំ RBC ថ្នាក់តំបន់ពេលនេះមានអ្វីខ្លះ?
១. ការប្តេជ្ញាអនុវត្តលទ្ធផលនៃកិច្ចព្រមព្រៀងមុនៗ៖ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីថា គេនឹងអនុវត្តលទ្ធផលកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai នៅទីក្រុង Putrajaya ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញា GBC ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ។ ទាំងនេះបង្ហាញថា កិច្ចប្រជុំ RBC នៅថ្ងៃសៅរ៍នេះ មិនមែនជាការចាប់ផ្តើមថ្មីទេ ប៉ុន្តែជាការបន្តដំណើរនយោបាយសន្តិភាព ដែលបានចាប់ផ្តើមប្រមាណជាង២០ថ្ងៃរួចមកហើយនេះ។
២. ការពង្រឹងទំនាក់ទំនងយោធា និងការពារមិនឱ្យកើតជម្លោះ៖ កិច្ចប្រជុំ បានព្រមព្រៀងលើការរក្សាទំនាក់ទំនងទៀងទាត់គ្រប់កម្រិត រវាងកងទ័ពនៅតាមបណ្តោយព្រំដែន ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិច។ ទំនាក់ទំនងទៀងទាត់នេះនឹងក្លាយជាឧបករណ៍សំខាន់សម្រាប់ការកសាងទំនុកចិត្ត និងថែរក្សាកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមុន។
៣. ការបង្កើតក្រុមសម្របសម្រួល (Coordinating Group-CG)៖ ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍ក្នុងការបង្កើតក្រុមសម្របសម្រួល CG ដើម្បីបង្កើនទំនាក់ទំនងគ្រប់កម្រិត រួមទាំងថ្នាក់មេបញ្ជាការ, ក្រុមការងារទំនាក់ទំនងតាមព្រំដែន, កម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្តោយព្រំដែនកម្ពុជាថៃ។ គោលបំណងសំខាន់ គឺដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិច។
៤. បញ្ហាមីន និងការបោសសម្អាតមីន៖ កម្ពុជាបានបញ្ជាក់ថា ការបោសសម្អាតមីនអាចធ្វើទៅបានបើមានការអនុវត្តពេញលេញនៃបទឈប់បាញ់ និងត្រឡប់ទៅប្រក្រតីភាពតាមព្រំដែន។ ពេលនេះ ការកំណត់ព្រំដែនកំពុងដំណើរការ ដូច្នេះការបោសសម្អាត អាចពិចារណានៅតំបន់ដែលបានកំណត់ខណ្ឌសីមាច្បាស់លាស ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន ដែលមានការឯកភាពគ្នា ដោយគណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរ JBC។ ទោះជាយ៉ាងណាកិច្ចប្រជុំ RBC ថ្នាក់តំបន់ មិនមានអំណាចសម្រេចលើបញ្ហានេះទេ ដូច្នេះត្រូវដាក់ពិភាក្សានៅកិច្ចប្រជុំ GBC នាពេលខាងមុខ។
៥. បញ្ហាឧក្រិដ្ឋកម្មឆ្លងព្រំដែន និង Online Scam៖ កម្ពុជាបានសង្កត់ថា បញ្ហា Online Scam និងឧក្រិដ្ឋកម្មឆ្លងព្រំដែនផ្សេងៗ គឺជាកិច្ចការដែលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ កម្ពុជាបានសហការជិតស្និទ្ធជាមួយអាស៊ាន និងដៃគូអន្តរជាតិ ហើយទទួលបានលទ្ធផលជាក់ស្តែង។ កម្ពុជានិងថៃក៏បានចាប់ផ្តើមសហការជាមួយគ្នារួចហើយ ក្នុងការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយប្រធានបទនេះនឹងបន្តត្រូវបានពិភាក្សានៅកិច្ចប្រជុំ GBC ខាងមុខ។
៦. ការជៀសវាងសកម្មភាពបង្កតានតឹង៖ កម្ពុជាបានព្រមានថា ការរាយបន្លាលួស និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលមាន ស្រាប់ជាពិសេសលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងការផ្សាយព័ត៌មានក្លែងក្លាយ អាចប៉ះពាល់ដល់ទំនុកចិត្ត និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងបង្កើតបរិយាកាសក្នុងការរក្សាស្ថិរភាពនិងសន្តិភាព។ ការបង្ហាញចំណុចនេះ បានបញ្ជាក់ថា ភាគីកម្ពុជាមិនត្រឹមតែព្យាយាមទប់ស្កាត់ការប៉ះទង្គិចទេ ប៉ុន្តែថែមទាំងការពារបរិយាកាសសន្តិភាព ពីការលួចបំពានតាមវិធី Salami Slicing Tactic របស់ទាហានថៃថែមទៀត។
៧. ការលើកស្ទួយទំនាក់ទំនងទូទៅ និងទំនុកចិត្តប្រជាពលរដ្ឋ៖ ក្នុងការបន្តរក្សាភាពប្រក្រតីភាពនៅតាមបណ្តោយព្រំដែន កិច្ចប្រជុំ RBC បានព្រមព្រៀងលើការស្វែងរកវិធានការផ្សេងៗនិងសំខាន់ដើម្បីវិលត្រឡប់ទៅប្រក្រតីភាពដូចដើមវិញឲ្យបានឆាប់រហ័ស។ ការត្រឡប់ទៅរកជីវិតធម្មតានេះ នឹងជួយបង្កើនទំនុកចិត្ត បង្កើនទំនាក់ទំនងប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់អាក្រក់លើជីវិត និងជីវភាពរស់នៅ។
កិច្ចប្រជុំ RBC នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មិនត្រឹមជាការពិភាក្សាទូទៅប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមបន្តនៃ«ពន្លឺនៃក្តីសង្ឃឹមសន្តិភាព»។ ការប្តេជ្ញាអនុវត្តលទ្ធផលកិច្ចព្រមព្រៀងមុនៗ ការបង្កើតក្រុមសម្របសម្រួល ការចូលរួមពិភាក្សាអំពីបញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងព្រំដែន ការជៀសវាងសកម្មភាពបង្កតានតឹង និងការលើកស្ទួយទំនុកចិត្តប្រជាពលរដ្ឋ ទាំងអស់នេះជាការបង្ហាញថា ភាគីទាំងពីរកំពុងដើរលើផ្លូវថ្មី ដែលអាចនាំឲ្យសន្តិភាពព្រំដែនក្លាយជាការពិត។
កិច្ចព្រមព្រៀងក្នុងការបើកប្រជុំ RBC សម្រាប់លើកក្រោយ ដែលគ្រោងធ្វើក្នុងរយៈពេលមួយខែទៅមុខទៀត ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺជាសញ្ញាដ៏សំខាន់ថា កិច្ចពិភាក្សានេះមិនមែនជាព្រឹត្តិការណ៍តែមួយទេ ប៉ុន្តែជាដំណើរបន្តឆ្ពោះទៅរកសន្តិភាព និងភាពជិតស្និទ្ធជាងមុនរវាងប្រជាជនទាំងពីរ។ កិច្ចប្រជុំ RBC ថ្ងៃទី១៦ ខែសីហានេះ បើទោះជាមិនអាចដោះស្រាយបញ្ហាទាំងអស់ភ្លាមៗក៏ដោយ វាក៏បានផ្តល់ក្តីសង្ឃឹមថ្មី ថាកិច្ចព្រមព្រៀងឈប់បាញ់ អាចក្លាយជារូបរាងពិតប្រាកដទៅបាន ប្រសិនបើទាំងពីរភាគីបន្តអនុវត្តការពិភាក្សា និងសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ជាពិសេសពីភាគីថៃ៕
ដោយ FN