(បាងកក)៖ ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះត្រូពិច Nongfa បាននាំឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលច្រើនទសវត្សរ៍ នៅទូទាំងខេត្ត Phetchabun ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ The Nation។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ (DDPM) បានចេញសេចក្តីណែនាំជាសាធារណៈ ដោយបញ្ជាក់ថា តំបន់រងគ្រោះខ្លាំងជាងគេគឺស្រុក Lom Sak ជាទីដែលទន្លេ Pa Sak បានបាក់ច្រាំង។ ទឹកទន្លេហក់ឡើងយ៉ាងលឿន បណ្តាលឱ្យបាក់ទំនប់ជាច្រើន និងជន់លិចផ្លូវទាំងអស់នៅក្នុងស្រុក។ ទឹកជំនន់ភ្លាមៗ បានជន់លិចអគាររដ្ឋាភិបាល រួមទាំងការិយាល័យស្រុក សាលប្រជុំ ប៉ុស្តិ៍នគរបាល និងតុលាការខេត្ត ព្រមទាំងអាជីវកម្ម ផ្សារ និងផ្ទះសម្បែង។
DDPM បានឱ្យដឹងទៀតថា កម្រិតទឹកហក់ឡើងខ្ពស់ជាងពេលមុនៗ ដោយស្ថានីយ៍នៅក្នុងស្រុក Lom Kao មានកម្រិត ១២.៦ម៉ែត្រ មុនពេលជន់លិច។ ភ្លៀងធ្លាក់ខ្លាំងបំផុត ក៏ត្រូវបានកត់ត្រានៅក្នុងស្រុក Nam Nao និងស្រុក Lak Dan ផងដែរ៕