ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំប្រជុំពិនិត្យលើការងារសាងសង់ និងជួសជុលអគារសិក្សា ដែលរងផលប៉ះពាល់ នៅតំបន់ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យ លើការងារសាងសង់ និងជួសជុលអគារសិក្សា ដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់ប្រមូលធាតុចូលដើម្បីកែលម្អ និងសម្រេចលើគម្រោងផែនការជួសជុលអគារសិក្សា ដែលរងការខូចខាតពីការវាយប្រហាររបស់ថៃ និងគម្រោងការសាងសង់អគាររឹងមាំស្តង់ដាក្រសួង។
ទន្ទឹមនេះ ក៏ត្រៀមសម្រាប់ការសាងសង់កន្លែងប្រើប្រាស់បណ្ដោះអាសន្ន ដើម្បីសម្រួលដល់ដំណើររៀន និងបង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។
បន្ទាប់ពីស្តាប់របាយការណ៍ស្តីពី គម្រោងសាងសង់អគារសិក្សាបណ្តោះអាសន្នដែលរងការខូចខាត ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ រួចមក លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដូចជា៖
(១)៖ សូមក្រុមការងារជំនាញចុះទៅពិនិត្យដោយផ្ទាល់ ដល់ទីតាំងជាក់ស្តែងដែលត្រូវសាងសង់ និងជួសជុល ដើម្បីស្វែងយល់ និងសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ពីតម្រូវការចាំបាច់ដើម្បីជំរុញឱ្យដំណើរការជួសជុល និងសាងសង់ឆាប់រហ័សតាមការគ្រោងទុក,
(២)៖ សូមត្រៀមឱ្យរួចជាស្រេច នូវប្លង់អគារសិក្សាស្តង់ដាក្រសួង និងការសាងសង់បណ្ណាល័យ បញ្ជីគម្រោងថវិកាសាងសង់ និងជួសជុល,
(៣)៖ រៀបចំការស្នើសុំគោលការណ៍ក្នុងការសាងសង់ និងជួសជុល ដើម្បីឱ្យទាន់ការបើកបវេសនកាល
(៤)៖ ស្នើសុំការត្រួតពិនិត្យសុវត្ថិភាព និងការបោសសំអាតមីននៅតាមសាលារៀនដែលរងប៉ះពាល់
(៥)៖ ក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព សូមរៀបចំជាយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់ទីទូលសុវត្ថិភាព ដែលអំណោយផលដល់ការរៀន និងបង្រៀន
(៦)៖ សូមរៀបចំរបាយការណ៍ស្តីពី ស្ថានភាពសាលារៀនដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន
(៧)៖ សូមរៀបចំផែនការយុទ្ធសាស្ត្រស្តារសាលារៀនឡើងវិញតាមតំបន់ និងរៀបចំសេចក្តីណែនាំសម្រាប់ការបើកបវេសកាលថ្មី នាដើមខែវិច្ឆកា ២០២៥ ខាងមុខនេះ។
ជាថ្មីម្តងទៀត សូមក្រុមការងារពាក់ព័ន្ធទាំងអស់បន្តអនុវត្តការងារនេះ ជាអាទិភាពទៅតាមជំនាញរៀងៗខ្លួន ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥-២០២៦នេះ។
ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់ និងទាក់ទងយ៉ាងដិតដល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា នៃខេត្តឧត្តរមានជ័យ និងព្រះវិហារ ដើម្បីតាមដានស្ថានភាព របស់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍ សំដៅផ្តល់ការគាំទ្រជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព ឱ្យអស់ពីលទ្ធភាព៕