សមត្ថកិច្ចកម្ពុជាស្ទាក់ចាប់រថយន្តយឺឌុប៣គ្រឿងសង្ស័យដឹកអង្ករដំណើបល្មើសច្បាប់ពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវចូលតាមច្រកកំពង់ស្រឡៅ
កំពង់ធំ៖ កាលពីវេលាម៉ោង២៣:០៥នាទីថ្ងៃទី៣១ សីហា មានរថយន្តយីឌុបចំនួន ៣គ្រឿង ត្រូវបានកំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្ទាក់ចាប់នៅលើផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយសង្ស័យថា ជារថយន្តដឹកអង្ករដំណើបនាំចូលពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ តាមច្រកកំពង់ស្រឡៅ ស្រុកកែប ខេត្តព្រះវិហារ (ព្រំដែនកម្ពុជា-ឡាវ)។
ប្រភពពីសមត្ថកិច្ចមិនបញ្ចេញឈ្មោះម្នាក់បានប្រាប់ថា៖ រថយន្តខាងលើត្រូវបានឃាត់ចាប់ បន្ទាប់ពីធ្វើដំណើរចេញពីច្រកកំពង់ស្រឡៅ មកដល់ខេត្តកំពង់ធំ។
ក្រោយពេលឃាត់រថយន្តទាំង៣គ្រឿងនោះភ្លាម សមត្ថកិច្ចបានយករថយន្តទាំង៣គ្រឿងនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបណ្ដោះអាសន្នសិនរងចាំការដោះស្រាយពេលក្រោយ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្តទាំង៣ខាងលើនេះមានលិខិតអនុញ្ញាតឲ្យដឹកទំនិញត្រឹមតែប្រមាណ ៦០០ គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងត្រូវបានគេរកឃើញថា ដឹកអង្ករលើសទម្ងន់រហូតដល់ប្រមាណ ២៨ តោន ក្នុងមួយរថយន្ដ៕