[UPDATE] មេដឹកនាំបក្សភូមិចៃថៃ លោក ANUTIN CHARNVIRAKUL ត្រូវបានសភាបោះឆ្នោតគាំទ្រជានាយករដ្ឋមន្ត្រីទី៣២

សភារបស់ប្រទេសថៃបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ។ លោក Anutin បានយកឈ្នះលោក Chaikasem Nitisiri របស់គណបក្ស Pheu Thai (ភឿថៃ) សម្រាប់ការប្រជែងតំណែងនាយករដ្ឋមន្ត្រីជាលើកដំបូង នៅក្នុងសភា គិតចាប់តាំងពីឆ្នាំ២០១៩។ លោកទទួលបានសំឡេងគាំទ្រ ៣១១សំឡេង ពីសមាជិកសភា ៤៩២រូប ខណៈសំឡេងត្រូវការ គឺ ២៤៧សំឡេង។

មហាសេដ្ឋីរូបនេះបានឈ្នះតំណែងនេះរួចហើយ នៅមុនការបោះឆ្នោតថ្ងៃសុក្រនេះ ដោយបានប្រកាសថា លោកទទួលបានសំឡេងគាំទ្រ ១៤៦សំឡេង ទាំងពីគណបក្ស Bhumjaithai (ភូមិចៃថៃ) ផ្ទាល់របស់លោក និងសម្ព័ន្ធមិត្តរបស់បក្ស ខណៈដែលគណបក្ស People’s Party (ប្រជាជន) បានឲ្យដឹងថាសមាជិកសភាចំនួន ១៤៣នាក់របស់បក្ស ក៏នឹងគាំទ្ររូបលោកផងដែរ។

អ្នកនយោបាយវ័យ ៥៨ឆ្នាំរូបនេះ ពីមុនធ្លាប់កាន់តំណែងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីសុខាភិបាល ប៉ុន្តែប្រហែលជាមានភាពលេចធ្លោបំផុត ពេលផ្តល់ការសន្យា នៅឆ្នាំ២០២២ ក្នុងការធ្វើឲ្យកញ្ឆាស្របច្បាប់។

លោក Anutin ធ្លាប់បានគាំទ្ររដ្ឋាភិបាលចម្រុះរបស់លោកស្រី Paetongtarn Shinawatra (ថែថងថាន ស៊ីណាវ៉ាត់) ប៉ុន្តែបានខ្លួនដកចេញ នៅរដូវក្តៅនេះ ដោយចោទប្រកាន់លោកស្រីថា បានធ្វើនូវទង្វើប៉ះពាល់ដល់ប្រទេសជាតិ។ តុលាការធម្មនុញ្ញរបស់ថៃ កាលពីថ្ងៃទី២៩ ខែសីហា បានរកឃើញថា ការប្រព្រឹត្តរបស់លោកស្រី Paetongtarn បានបំពានក្រមសីលធម៌រដ្ឋមន្ត្រី ហើយបានបណ្តេញលោកស្រីចេញតំណែង បន្ទាប់ពីកាន់អំណាចបានត្រឹមតែ ១ឆ្នាំ។

តែអ្វីដែលសំខាន់នោះ គឺថា មុនពេលឈានដល់ដំណើរការបោះឆ្នោត នៅថ្ងៃសុក្រនេះ ការចាប់អារម្មណ៍យ៉ាងខ្លាំង ត្រូវបានគ្របដណ្ដប់ដោយការធ្វើដំណើរភ្លាមៗទៅកាន់ទីក្រុងឌូបៃរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត់៕

ព័ត៌មានទាក់ទង