នាយករដ្ឋមន្ត្រីថៃថ្មី លោក Anutin Charnvirakul កាន់កាប់ទ្រព្យសម្បត្តិប្រមាណ ១២៤លានដុល្លារ រួមទាំងយន្តហោះឯកជនចំនួន ៣គ្រឿង និងអចលនទ្រព្យប្រណីត រួមទាំងវត្ថុមានតម្លៃជាច្រើនទៀត។
គណៈកម្មការប្រឆាំងអំពើពុករលួយថៃ នៅថ្ងៃទី ៩ ខែកញ្ញា បានប្រកាសឯកសារបញ្ជីទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មី លោក Anutin Charnvirakul ដែលជាតម្រូវការចាំបាច់សម្រាប់មន្ត្រីរដ្ឋាភិបាល។
យោងតាមឯកសារនេះ លោក Anutin មានទ្រព្យសម្បត្តិសរុបប្រមាណ ១២៤ លានដុល្លារ ដែលរួមមាន យន្តហោះឯកជនចំនួន ៣ គ្រឿង ទូកល្បឿនលឿន ២ គ្រឿង និងអចលនទ្រព្យប្រណីតនៅទីក្រុងបាងកក។ លោកក៏បានរាយការណ៍ថា មានសាច់ប្រាក់ និងប្រាក់បញ្ញើប្រមាណ ៣៤ លានដុល្លារនៅក្នុងគណនីធនាគារជាង ២០។
នាយករដ្ឋមន្ត្រីថៃរូបនេះ មានការវិនិយោគប្រមាណ ២០ លានដុល្លារ ហើយកាលពីឆ្នាំមុន លោកបានប្រកាសពីប្រាក់ចំណូលជាង ៥៦ ០០០ ដុល្លារ។ ទ្រព្យសម្បត្តិរបស់គ្រួសារលោកភាគច្រើនផ្តោតលើក្រុមហ៊ុន Sino-Thai Engineering and Construction ដែលជាក្រុមហ៊ុនសំណង់ដ៏ធំមួយ ដែលទទួលបានកិច្ចសន្យាធំៗពីរដ្ឋាភិបាលថៃអស់ជាច្រើនទសវត្ស រួមទាំងគម្រោងអាកាសយានដ្ឋានសុវណ្ណភូមិ និងអគារសភា។
ក្នុងចំណោមទ្រព្យសម្បត្តិផ្សេងទៀត លោក Anutin បានរាយការណ៍អំពីប័ណ្ណកម្មសិទ្ធិដីធ្លីមួយចំនួន រថយន្តប្រណីត ៤ គ្រឿង នាឡិកាដៃ ២២ គ្រឿង និងវត្ថុស្តុកទុកដែលមានតម្លៃមួយចំនួនទៀត។
លោក Anutin អាយុ ៥៨ ឆ្នាំ ត្រូវបានសភាថៃជ្រើសរើសជានាយករដ្ឋមន្ត្រីទី ៣២ នៅថ្ងៃទី ៥ ខែកញ្ញា។ ក្រៅពីតំណែងជានាយករដ្ឋមន្ត្រី លោកក៏នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលកាន់តំណែង លោក Anutin បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹង«ធ្វើការដោយមិនឈប់ឈរ»និង«លះបង់អស់ពីសមត្ថភាព»។ ថៃទំនងជានឹងរំសាយសភាក្នុងរយៈពេល ៤ ខែខាងមុខ ដើម្បីឈានទៅរៀបចំការបោះឆ្នោតសកលថ្មី៕