កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃពុធនេះ បានប្រកាសពីផែនការចំណាយថវិកាប្រហែល ១.១ ពាន់លានដុល្លារ ទិញយានដ្រូនពិឃាតល្បាតក្រោមទឹក ដែលមានរហស្សនាមថា ឆ្លាមខ្មោច ឬ Ghost Shark ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងក្នុងតំបន់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France24 នៅថ្ងៃទី១០ ខែកញ្ញា។
រដ្ឋាភិបាលទីក្រុងកង់បេរ៉ានិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមហ៊ុនអូស្រ្តាលី Anduril ដើម្បីសាងសង់ ថែទាំ និងអភិវឌ្ឍយានដ្រូនពិឃាតល្បាតក្រោមទឹក Ghost Shark ក្នុងទំហំទឹកប្រាក់ ១.១ ពាន់លានដុល្លារ ដែលនឹងជួយបង្កើតការងារថ្មីចំនួន ១៥០កន្លែង។
រដ្ឋមន្ត្រីការពារជាតិអូស្រ្តាលី លោក Richard Marles បានលើកឡើងថា យានដ្រូនពិឃាត Ghost Shark បង្កើតឡើងបំពាក់ដោយបច្ចេកវិទ្យាទំនើបបំផុតក្នុងពិភពលោក ដែលធ្វើឱ្យវាអាចដំណើរការបានក្នុងរយៈពេលយូរ ពិសេសវាក៏មានសមត្ថភាពបំបាំងកាយបានផងដែរ។
លោក Marles បន្ថែមថា អូស្ត្រាលីកំពុងនាំមុខគេលើពិភពលោកទាក់ទងនឹងសមត្ថភាពយោធាក្រោមទឹកស្វយ័ត ហើយយានដ្រូនពិឃាតនេះ នឹងជួយអូស្រ្តាលីបង្កើនសមត្ថភាពស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល ការឈ្លបយកការណ៍ និងការវាយប្រហារសត្រូវជាដើម។
ចំណែករដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្រ្តាលី លោក Pat Conroy ក៏បានអះអាងដែរថា យានដ្រូនពិឃាត Ghost Shark នឹងត្រូវផលិតរាប់សិបគ្រឿងនៅក្នុងប្រទេសអូស្ត្រាលី ហើយក៏អាចនាំចេញទៅឱ្យសម្ព័ន្ធមិត្តផងដែរ។ យានដ្រូនពិឃាតនេះទៀតសោត ត្រូវបានរចនាឡើងក្នុងគោលបំណងចម្បងធ្វើសកម្មភាពស៊ើបការណ៍ ឃ្លាំមើល និងវាយប្រហារនៅចម្ងាយឆ្ងាយពីទ្វីបអូស្ត្រាលី។
គម្រោងអភិវឌ្ឍន៍យានដ្រូនពិឃាត Ghost Shark នេះ នឹងចាប់ផ្តើមដំណើរការនៅខែមករា ឆ្នាំ២០២៦។ វាជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ទល់នឹងការពង្រីកឥទ្ធិពលយោធារបស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្រៅពីនេះ អូស្ត្រាលីក៏មានគម្រោងទិញ និងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោមកម្មវិធីសហការ AUKUS ជាមួយចក្រភពអង់គ្លេស និងអាមេរិកផងដែរ៕