Top Mobile Banner

កម្ពុជា ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃ ថា កម្ពុជា បានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះ ដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ការចោទប្រកាន់បំភ្លៃ ខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

តាមរយៈបណ្ដាញសង្គមផ្លូវការ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំ​ពាក្យក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កម្ពុជា មិនបានបង្ហោះដ្រូនចូលដែន​អធិបតេយ្យ​ភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគី​ថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយ​សាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ច​សន្ទនា​​ដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបាន​ពេញ​លេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ កម្ពុជា សូមបញ្ជាក់សាជាថ្មី​នូវការប្តេជ្ញាចិត្តយ៉ាង​ម៉ឺង​​ម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរ​បាន​ឯកភាពគ្នានៅ​ក្នុង​កិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង​ពូត្រាចាយ៉ា ក៏ដូច​ជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ​រាល់​ការព្រមព្រៀង​ទាំង​ឡាយ​ដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុង​នោះរួមទាំងកំណត់​ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅ​កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវ​បាន​ប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើ​លក្ខ​ខណ្ឌ នៃបទ​ឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ​នៃគណៈ​កម្មាធិការព្រំដែន​ទូ​ទៅ​កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ៕

ព័ត៌មានទាក់ទង