ថ្ងៃភ្ជុំធំ! ពលរដ្ឋយ៉ាងច្រើនកុះករចូលទៅកាន់វត្តជោគជ័យ នៅចម្ងាយប្រមាណ៥០០ម៉ែត្រ ពីការរាយបន្លាលួសពីយោធាថៃ
(បន្ទាយមានជ័យ)៖ ក្នុងឱកាសបិណ្ឌទី១៥ ដែលជាភ្ជុំធំ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចូលទៅកាន់វត្តពុទ្ធិសីមារាម ហៅវត្តជោគជ័យ ដែលស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើទោះបីជាពួកគាត់រវល់នឹងការងារការពារព្រំដែនជាមួយសមត្ថកិច្ចមិនឲ្យយោធាថៃចូលឈ្លានពានទឹកដីក៏ដោយ។
វត្តនេះស្ថិតនៅជិតនឹងព្រំដែន ដែលយោធាថៃកំពុងចិញ្ចឹមចិត្តចូលឈ្លានពាន ដោយការរាយលួសបន្លាព័ទ្ធយកដីភូមិឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។
ព្រះចៅអធិការវត្តនេះ បានឲ្យដឹងថា សព្វមួយដងពុំមានពុទ្ធបរិស័ទមកច្រើនកុះករដូច្នេះទេ តែដោយសារស្ថានភាពបច្ចុប្បន្ន ទើបញ៉ាំឲ្យប្រជាពលរដ្ឋមកវត្តយ៉ាងច្រើនកុះករបែបនេះ។
ព្រះតេជគុណព្រះចៅអធិការវត្ត បានអំពាវនាវដល់ពុទ្ធបរិស័ទបន្តចូលរួមមកកាន់វត្តឲ្យបានច្រើនដូចថ្ងៃនេះ និងចូលរួមការពារទឹកដី ស្ថិតនៅក្នុងភូមិជោគជ័យឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងដេញយោធាថៃ មិនឲ្យឈ្លានពានទឹកដីកម្ពុជា។
យុវតី ឡោះ សុលី រស់នៅភូមិជោគជ័យ ក្រោយពីបានទៅធ្វើបុណ្យនៅវត្តហើយ ក៏បានចូលទៅមើលទីតាំង ដែលយោធាថៃបំណងឈ្លានពាន។ យុវតី វ័យ១៧ឆ្នាំរូបនេះ បានបង្ហាញពីបំណងចង់បានសន្តិភាព និងបួងសួងកុំឲ្យមានការឈ្លានពានពីសំណាក់យោធាថៃបន្តទៅទៀត៕