កោះតៃវ៉ាន់កំពុងរងព្យុះទីហ្វុង Ragasa ធ្វើអោយមនុស្សស្លាប់១៧នាក់ ភ្លៀងធ្លាក់ខ្លាំងជន់លិចទីប្រជុំជន អាជ្ញាធរជម្លៀសប្រជាជន៣០០០នាក់ មកទីទួលសុវត្ថិភាព
បរទេសៈ តៃវ៉ាន់:សារព័ត៌មានTaiwan News របស់កោះតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃពុធទី២៤ខែកញ្ញា.ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុង Ragasa នៅកោះតៃវ៉ាន់បានកើនឡើងដល់១៧នាក់។
ឥទ្ធិពលនៃព្យុះនេះ បង្កជាទឹកជំនន់ ជន់លិចផ្ទះប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខូចខាតស្ទើរតែទាំងស្រុង មនុស្សមួយចំនួនត្រូវបានបាត់ខ្លួន ក្រុមសង្គោះកំពុងតែមមាញឹកទាំងយប់ទាំងថ្ងៃ ជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ដោយព្យុះទីហ្វុងដ៏កំណាចមួយនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Central News Agency បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារសប្ដាហ៍នេះបានធ្វើឱ្យទឹកក្នុងបឹង Matai’an Creek Barrier ហក់ឡើងហៀរច្រាំងរុញទឹកចូលទៅក្នុងទីប្រជុំជន Guangfu ក្នុងស្រុក Hualien បណ្ដាលឲ្យជន់លិចផ្លូវ និងហូរកួចយានយន្តជាច្រើនគ្រឿងទៅតាមទឹកជំនន់។
ផ្នែកមួយចំនួននៃស្ពានឆ្លងទន្លេ Matai’an ក៏ត្រូវបានទឹកហូរកួចនាំយកទៅផងដែរ។
ក្រុមជួយសង្គ្រោះ កំពុងព្យាយាមស្វែងរកអ្នកបាត់ខ្លួនទាំង១៧នាក់នោះ។
មកទល់ពេលនេះ មនុស្ស៣២នាក់បានរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំង និងឧបទ្ទវហេតុទាក់ទងនឹងទឹកជំនន់។
ក្រុមអាជ្ញាធរក៏បានជម្លៀសមនុស្សជាង៣.០០០នាក់ ទៅកាន់ទីតាំងមានសុវត្ថិភាពពីទីប្រជុំជន Guangfu, Fenglin និង Wanrong ផងដែរ។
ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បានព្រមានថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ខណៈការវាយតម្លៃ នៃការខូចខាត និងការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត៕