កូរ៉េខាងត្បូង ​ចាប់ផ្តើមផែនការ មិនយក«ទិដ្ឋាការ»សម្រាប់ក្រុមទេសចរណ៍​ចិន

កូរ៉េខាងត្បូង​ បានចាប់ផ្តើមអនុវត្តផែនការ ដែលអនុញ្ញាតឱ្យក្រុមភ្ញៀវទេសចរចិន ​ចូល​​ប្រទេសខ្លួន សម្រាប់រយៈ១៥ថ្ងៃ ដោយពុំ​ចាំបាច់មានទិដ្ឋាការ។ ផែនការនេះ ចាប់ផ្តើម ពីថ្ងៃទី២៩ ខែកញ្ញនេះ ដោយ​គោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គឺសង្ឃឹម​ថានឹងអាច​ជំរុញ​សេដ្ឋកិច្ច និង​ជួយ​ពង្រឹង​ទំនាក់ទំនង​ជាមួយចិន ដែលជា​ប្រទេស​ជិតខាងរបស់ខ្លួន។ នេះបើយោងតាមការរាយការណ៍​របស់សារព័ត៌មាន Reuter។

កូរ៉េខាងត្បូង បានណែនាំកម្មវិធីសាកល្បងដែលអនុញ្ញាតឱ្យក្រុមទេសចរចិនចាប់ពី ៣ នាក់ឡើងទៅ ចូលប្រទេសដោយមិនមានទិដ្ឋាការ រហូតដល់រយៈពេល១៥ថ្ងៃ ដោយចាប់​ផ្តើម​ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០២៦។ គម្រោង​​នេះ បានរៀបចំឡើងនៅចំថ្ងៃបុណ្យជាតិរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែតុលា របស់ចិន និងថ្ងៃឈប់សម្រាកជាច្រើនរបស់កូរ៉េខាងត្បូង។

បច្ចុប្បន្ន អាជីវកម្ម​នៅ​កូរ៉េ​ខាង​ត្បូង ​កំពុង​តែកែសម្រួលសេវាកម្មរបស់ខ្លួន ដើម្បីទាញយក​ផល​​ចំណេញ ​ពីតម្រូវការដែលនឹងកើនឡើងតាមរយៈវិធានការថ្មីនេះ។ ក្រុមហ៊ុន Shilla Duty Free កំពុងរៀបចំដំណើរកម្សាន្តតាមនាវាសម្រាប់ភ្ញៀវចិន ហើយក្រុមហ៊ុនដឹកជញ្ជូន Baedal Minjok កំពុងបន្ថែមជម្រើសបង់ប្រាក់ ដូចជា Alipay និង WeChat Pay ដើម្បីធ្វើឱ្យ​សេវាកម្មកាន់តែងាយស្រួល។

កម្មវិធីនេះ ត្រូវបានប្រកាសកាលពីខែមីនា ឆ្នាំ២០២៥នេះ បន្ទាប់ពីរដ្ឋាភិបាលចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ សម្រេចចិត្តផ្តល់ឱ្យជនជាតិកូរ៉េខាងត្បូង ចូលទឹកដីចិនរយៈ៣០ថង្ៃ ដោយមិនបាច់មានទិដ្ឋាការ។

លើកចុងក្រោយ ដែលកូរ៉េខាងត្បូងបានឱ្យជនជាតិចិន​ចូលក្នុងប្រទេសដោយមិនទាមទារ​ទិដ្ឋាការ​ដែរនោះ គឺកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៨ ស្របនឹងការព្រឹត្តិការណ៍កីឡា​អូឡាំពិករដូវរងា។

រដ្ឋបាលថ្មីរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung សង្ឈឹមថា វិធានការនេះ ​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ ជាមួយ​ចិន ​​ប្រសើរ​ឡើង​ខណៈ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គ្រោង​ធ្វើទស្សនកិច្ច​កូរ៉េខាងត្បូង នៅ​ចុងខែតុលាខាងមុខ ដើម្បី​ចូល​រួមសម្ព័ន្ធ អាស៊ីប៉ាស៊ី​ហ្វិក៕

ព័ត៌មានទាក់ទង