ព្យុះទីហ្វុងដ៏កំណាច ប៊ូឡូយ បានវាយប្រហារប្រទេសវៀតណាមពេញទំហឹង ដោយបង្កការបំផ្លិចបំផ្លាញយ៉ាងដំណំ ខណៈគិតត្រឹមរសៀលថ្ងៃចន្ទទី២៩ខែកញ្ញាឆ្នាំ២០២៥ ព្យុះនេះផ្តាច់ជីវិតមនុស្ស១២នាក់និងរបួសមនុស្សច្រើននាក់ទៀត។
តាមការផ្សាយរបស់ VN Express, មនុស្សស្លាប់ត្រូវបានគេរកឃើញនៅ Ninh Binh ៩នាក់, Thanh Hoa ១នាក់, Hue ១នាក់និង Da Nang ១នាក់។ ក្រៅការស្លាប់ ក៏នៅមានមនុស្ស១៨នាក់ទៀតរងរបួសក្នុងខេត្ត Ninh Binh រីឯអ្នកនេសាទ១៧នាក់ កំពុងបាត់ការទាក់ទង។
នៅ Ha Tinh ផ្ទះជិត ៤៣ ០០០ខ្នងត្រូវព្យុះបោកកម្ទេចបំប៉ើងដំបូល, ទឹកជំនន់ជន់លិចដីស្រែចម្ការជិត ១ ០០០ហិកតា ចំណែកសាលារៀននិងមន្ទីរពេទ្យ ក៏រងការបំផ្លាញធ្ងន់ធ្ងរផងដែរ។
បង្គោលភ្លើងនិងដើមឈើ ត្រូវបាក់គ្រប់កន្លែង, ជើងហោះហើរមួយចំនួនក៏ផ្អាក រីឯសេវារថភ្លើងក៏ពន្យារពេលសិនផងដែរ ព្រោះតែឥទ្ធិពលដ៏កាចសាហាវរបស់ព្យុះ។ នៅតំបន់ភ្នំ វាបង្កជាបំណាក់ដី និងកាត់ផ្តាច់ផ្លូវធ្វើចរាចរណ៍ បង្កការកកស្ទះ។
សូមជម្រាបជាថ្មី វៀតណាមងាយនឹងរងគ្រោះដោយព្យុះទីហ្វុងណាស់ ដោយមានមនុស្សជាង ១០០ នាក់បានស្លាប់ឬបាត់ខ្លួនក្នុងគ្រោះមហន្តរាយធម្មជាតិនារយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥។


កាលពីឆ្នាំមុន ព្យុះទីហ្វុង Yagi ក៏បណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចចំនួន ៣.៣ ពាន់លានដុល្លារអាមេរិក និងមានមនុស្សស្លាប់រាប់រយនាក់នៅភាគខាងជើងប្រទេសវៀតណាមផងដែរ៕
កម្ពុជាថ្មី