ប្រពន្ធលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី បានរួមដំណើរជាមួយមេធាវីជនជាតិបារាំង ទៅចូលរួមការបើកសវនាការរបស់តុលាការព្រហ្មទណ្ឌនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣០ ខែកញ្ញា ពាក់ព័ន្ធនឹងករណីឃាតកម្មលើប្ដីអ្នកស្រី។ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់សម្លាប់នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី០៧ ខែមករា។ ទោះជាយ៉ាងណា ការបើកសវនានៅពេលនេះ ធ្វើឡើងទាំងជនសង្ស័យសំខាន់ចំនួនពីររូប គឺលោក លី រតនរស្មី និងលោក ពេជ្រ គឹមស្រ៊ីន បន្តបាត់ខ្លួននៅឡើយ។ ក្រុមសាច់ញាតិសង្ស័យថា បុគ្គលទាំងពីរនាក់ អាចកំពុងសម្ងំលាក់ខ្លួននៅកម្ពុជា និងតែងទទូចឱ្យរដ្ឋាភិបាលកម្ពុជាជួយស្វែងរកចាប់ខ្លួន ដើម្បីឱ្យលាងត្រដាងពីមេខ្លោងនៅខាងក្រោយនៃករណីឃាតកម្មលើលោក លិម គិមយ៉ា។ RFA
រូបភាព៖ AFP


