ឥទ្ធិពលព្យុះបានបោកបក់ជាបន្តបន្ទាប់ បានបង្អុរភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កជាទឹកជំនន់ជនលិចស្ទើរទូទាំងប្រទេសថៃ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋថៃយ៉ាងធ្ងន់ធ្ងរ ។
នេះបើយោងតាមការចេញផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ។
យ៉ាងណា នៅខេត្ត Uttaradit ស្ថានភាព គឺធ្ងន់ធ្ងរដោយទឹកបានជន់លិចផ្ទះជាង ២ ០០០ ខ្នង និងមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព បន្ទាប់ពីទឹកទន្លេ ស្ទឹង បឹងបួ ឡើងហូរហៀ។
ក្នុងនោះមានស្រុក៣ ដែលរងគ្រោះយ៉ាងដំណំ Nam Pat, Thong Saen Khan និង Tha Pla ដោយទឹកជំនន់បានវាយប្រហារឃុំសរុប៥និងភូមិចំនួន១៨។
ខេត្ត Uttaradit ក៏នឹងត្រូវប្រឈមគ្រោះអាសន្នធំផងដែរ ក្រោយពេលការិយាល័យធនធានទឹកជាតិរបស់ថៃ (ONWR) បានចេញការព្រមានថា ទំនប់ធំចំនួន២គឺ Bhumibol និង Sirikit ជិតទប់ទល់លែងឈ្នះហើយ ដូច្នេះមន្ត្រីជំនាញបានរៀបចំផែនការទម្លាយទឹកក្នុងកម្រិតខ្ពស់ ការពារការបាក់ធ្លាយទំនប់។
បច្ចុប្បន្ន ទំនប់ Bhumibol កំពុងស្តុកទឹកឈានដល់៧៨.៤%នៃសមត្ថភាពរបស់ខ្លួន ចំណែកទំនប់ Sirikit ឈានដល់៨៨%ទៅហើយ។
ដូច្នេះហើយ អំឡុងពេលមួយសប្តាហ៍នេះ ទំនប់ Bhumibol ត្រូវបង្ខំបញ្ចេញទឹក១០លានម៉ែត្រគូបក្នុងមួយថ្ងៃ រីឯទំនប់ Sirikit ត្រូវបញ្ចេញ២០លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីទុកកន្លែងដាក់ទឹកថ្មី៕
កម្ពុជាថ្មី


