គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅOHCHR នៅហ្សឺណែវ ដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ញ្ញត្តិជំរុញជាលើកទី២ ទៅ OHCHR នៅហ្សឺណែវដើម្បីឱ្យមានការដោះលែងកងទ័ពកម្ពុជាទាំង ១៨នាក់ ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់ថាចំពោះញត្តិបន្ទាន់ របស់ គ.ស.ម.ក. ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការឃុំខ្លួនដោយខុសច្បាប់ ការប្រព្រឹត្តមិនគប្បី និងការធ្វើ មាតុភូមិនិវត្តន៍កងទ័ពកម្ពុជាតែចំនួន២នាក់ត្រឡប់មកវិញ ក្នុងចំណោម២០នាក់ ដោយយោធាថៃ។ គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈ ៦៥ ថ្ងៃហើយ ដែលកងទ័ពកម្ពុជាចំនួន ១៨ នាក់ ត្រូវបានឃុំខ្លួនដោយយោធាថៃ ក្រោយពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ចូលជាធរមាននៅពាក់កណ្តាលយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារការបន្តរការឃុំខ្លួនដោយខុសច្បាប់នេះ បាននាំឱ្យមានការ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ការហាមឃាត់ការឃុំខ្លួនតាម ទំនើងចិត្ត ដោយសិន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗ។ ក្រុមគ្រួសាររបស់កងទ័ពកម្ពុជាទាំង ១៨ នាក់ ដែលត្រូវ បានឃុំខ្លួន កំពុងទទួលរងនូវភាពសោកសៅ។
ពេលវេលាកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានដំណឹងពីមនុស្ស ជាទីស្រឡាញ់របស់ខ្លួន នាំឱ្យពួកគាត់មានការឈឺចាប់ ភ័យខ្លាច និងទុក្ខព្រួយក្នុងចិត្តជានិច្ច។ ម្តាយ ឪពុក ប្រពន្ធ និងកូនៗពួកគាត់ កំពុងទទួលរងនូវភាពទុក្ខព្រួយ មិនអាចសម្រាន្តលក់ និងព្រួយបារម្ភគ្រប់ពេល ព្រោះមិនដឹងឱ្យ ប្រាកដថា មនុស្សជាទីស្រឡាញ់របស់ខ្លួន មានសុវត្ថិភាព នៅមានជីវិត ឬការប្រព្រឹត្តដោយមនុស្សធម៌ ឬយ៉ាងណា។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា”ហេតុនេះ គ.ស.ម.ក. សូមគោរពស្នើសុំការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស (OHCHR) ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងការការពារសិទ្ធិមនុស្ស ទំនាក់ទំនងជាបន្ទាន់ជាមួយ នឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការដោះលែងដោយឥតលក្ខខណ្ឌ និងធ្វើមាតុភូមិនិវត្តន៍ កងទ័ពកម្ពុជា ទាំង ១៨ នាក់ ស្របតាមច្បាប់អន្តរជាតិ”។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងដែរថា“ការព្រងើយកន្តើយដោយកង្វះខាតសកម្មភាពជាក់ស្តែងឲ្យទាន់ពេលវេលា អាចបកស្រាយស្មើនឹងការយល់ស្របចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិនិងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូអាក្រក់នៃវប្បធម៌និទណ្ឌភាពដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ចុះខ្សោយផងដែរ”៕