ឯកឧត្ដម គួច ចំរើន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយមន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុងសំពៅពូន និងមន្ត្រីរាជការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ៧៦ ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវ ការរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីលើកកម្ពស់សោភ័ណភាព ក្រុងសំពៅពូន នេះដែរ ឯកឧត្តម គួច ចំរើន បានណែនាំដល់អ្នកសាងសង់ផ្លូវ ត្រូវសាងសង់ប្រកបដោយស្តង់ដារបច្ចេកទេស និងឱ្យរួចរាល់តាមផែនការដែលបានកំណត់ ពិសេសត្រូវធានាថា ផ្លូវមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។

ជាមួយក្នុងនេះផងដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមសហការល្អជាមួយមន្ត្រីបច្ចេកទេសសាងសង់ផ្លូវ ដែលធ្វើឱ្យក្រុមការងារមានភាពងាយស្រួលក្នុងការសាងសង់ផ្លូវនេះ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ នៅពេលនេះយើងប្រឈមនឹងបញ្ហាក្នុងរយៈពេលខ្លីក៏ពិតមែន ក៏ប៉ុន្តែនៅពេលដែលផ្លូវនេះ បានសាងសង់រួចហើយ នោះក្រុងសំពៅពូន នឹងក្លាយជាទីក្រុងមួយដ៏ស៊ីវិល័យ មានហេដ្ឋារចនាសម្ព័ន្ធស្អាត មានសណ្ដាប់ធ្នាប់ របៀបរៀបរយ ផ្លូវធំទូលាយ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសអ្នកវិនិយោគនានា មកវិនិយោគនៅក្រុងសំពៅពូន ធ្វើឱ្យសេដ្ឋកិច្ចរបស់ក្រុងសំពៅពូន ខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុងសំពៅពូន មានជីវភាពធូរធារបន្ថែមពីលើនេះមួយកំរិតទៀតផងដែរ។

ព័ត៌មានទាក់ទង