ប្រធាន អាយ.ស៊ី.អរ.ស៊ី ប្រចាំទីក្រុងបាងកក៖ ស្ថានភាពរបស់យុទ្ធជនកម្ពុជាចំនួន ១៨នាក់ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ គឺមានសុខភាពល្អធម្មតា
(ភ្នំពេញ)៖ លោក ចច ម៉ុនតានី ប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ (បាងកក) បានបញ្ជាក់ពីស្ថានភាពរបស់យុទ្ធជនកម្ពុជាចំនួន ១៨នាក់ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ គឺមានសុខភាពល្អ និងបរិភោគអាហារប្រចាំបានធម្មតា។
ការថ្លែងយ៉ាងដូច្នេះរបស់លោកប្រធានប្រតិភូ អាយ.ស៊ី.អរ.ស៊ី ប្រចាំភូមិភាគ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសម និងប្រគល់សារកាកបាទក្រហម (Red Cross Message) ឬលិខិតដំណឹងគ្រួសាររបស់យុទ្ធជនកម្ពុជាទាំង១៨រូប ជូនដល់លោកជំទាវបណ្ឌិត នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ដែលប្រព្រឹត្ដទៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។
លោក ចច ម៉ុនតានី បានឆ្លើយតបទៅនឹងសំណួររបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទាក់ទងទៅនឹងស្ថានភាពរបស់យុទ្ធជនកម្ពុជាទាំង១៨រូបទៀតថា តាមរយៈលោកបានចុះទៅដោយផ្ទាល់ ដើម្បីសួរសុខទុក្ខ និងប្រគល់សាររបស់គ្រួសារយុទ្ធជន តាមរយៈកាកបាទក្រហមកម្ពុជាជូនដល់យុទ្ធជនទាំង២លើកនេះ ឃើញថាគាត់ពិសាអាហារ និងសម្រាកបានធម្មតា មិនមានអ្វីខុសប្រក្រតីនោះឡើយ ។ លើសពីនោះលោកបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងលើការងារយុទ្ធជនដែលកំពុងស្ថិតនៅក្នុងការឃុំគ្រងរបស់យោធាថៃ ឱ្យមានការដោះលែងមកកម្ពុជាវិញ តាមរយៈការលើកយកនូវអនុសញ្ញាទីក្រុងហ្សឺណែវ។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អាយ.ស៊ី.អរ.ស៊ី ដែលបានអញ្ជើញចុះសួរសុខទុក្ខជាលើកទី២ ជាមួយយុទ្ធជនកម្ពុជាចំនួន ១៨រូប ដែលត្រូវបានថៃចាប់យកទៅ ជាពិសេសចំពោះការនាំយកសារលិខិតរបស់គ្រួសារយុទ្ធជនតាមរយៈកាកបាទក្រហមកម្ពុជា យកទៅជូនដល់ដៃយុទ្ធជនយើងទាំង១៨នាក់ ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់យោធាថៃ ហើយបានយកត្រលប់មកវិញជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីយកជូនដល់គ្រួសារយុទ្ធជនវិញ ដែលនេះជាដំណឹងដ៏មានតម្លៃមហាសាលសម្រាប់ក្រុមគ្រួសារក៏ដូចជារាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដែលតែងតែទន្ទឹមរង់ចាំដំណឹងពិតប្រាកដរបស់យុទ្ធជនយើង។
សូមជម្រាបថា គិតត្រឹមថ្ងៃនេះជា ថ្ងៃទី៧៦ហើយ ដែលយុទ្ធជនកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ៕


