មជ្ឈមណ្ឌលបុប្ផាណា រៀបចំពិព័រណ៍ «រស់រាន»ផ្សារភ្ជាប់ការចងចាំ និងវត្ថុប្រើប្រាស់ដែលបន្សល់ទុកក្នុងរបបខ្មែរក្រហម

ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងមូលនិធិរៃ នឹងរៀបចំពិព័រណ៍ដែលមានឈ្មោះថា «រស់រាន» ចាប់ពីថ្ងៃទី ១៨ តុលា រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ «រស់រាន» ជាស្នាដៃដ៏លេចធ្លោ​​របស់លោក គឹម ហាក់ ជាសិល្បករកម្ពុជា ដែលបានចងក្រងរឿងរ៉ាវ នៃការចងចាំ តាមរយៈវត្ថុប្រើប្រាស់ដែលបានសេសសល់ក្នុងរបបខ្មែរក្រហម។

លោក គឹម ហាក់ បានប្រើពេលអស់ជាងមួយទស្សវត្សរ៍មកហើយ ក្នុងការចងក្រងឯកសារអំពីវត្ថុផ្ទាល់ខ្លួន ដែលប្រជាជនខ្មែររក្សាទុកក្រោយរួចជីវិតពីរបបខ្មែរក្រហម។ បើតាមសិល្បកររូបនេះ វត្ថុទាំងនោះមានដូចជា រូបថត កំសៀវ សម្បត្តិគ្រួសារ និងសម្លៀកបំពាក់ជាដើម។ សម្ភារៈទាំងនោះត្រូវបាននាំយកឆ្លងប្រទេសតាមជនភៀសខ្លួន និងខ្លះទៀត នៅតែស្ថិតនៅក្នុងប្រទេសដោយត្រូវបានថែរក្សា​ការពារដោយអ្នករស់រានមានជីវិត​។

លោក គឹម ហាក់ បានលើកឡើងថា ៖«ពិព័រណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពក្លាហាន​ដ៏ស្ងៀមស្ងាត់​ របស់ប្រជាជនកម្ពុជាដែលបាននាំ​យកបំណែកនៃប្រទេសកំណើតខ្លួនទៅជាមួយ ដោយ​ពេលខ្លះរបស់ទាំងនោះត្រូវបាន​លាក់ទុក ពេលខ្លះកប់ក្នុងដី ដើម្បីការពារពីការបំផ្លិចបំផ្លាញ ។ ​ការនាំយករឿងរ៉ាវទាំងនេះ មកមាតុភូមិ​វិញ​ គឺជាការវិលត្រឡប់ទាំងផ្នែកសិល្បៈ និងមនោសញ្ចេតនា »។

គួរជម្រាបថា «រស់រាន»​ គឺជាគម្រោងថតរូបរយៈពេលវែង ដែលបានចាប់ផ្ដើមនៅខេត្តបាត់ដំបងកាលពីឆ្នាំ ២០១៤ និងបានបន្តតាម​បណ្ដាប្រទេសចំនួន៣ទៀត គឺប្រទេសអូស្ត្រាលី នូវែលសេឡង់ និងប្រទេសជប៉ុន។ ពិព័រណ៍នេះបានបំប្លែងសកម្មភាពនៃការរស់រានមានជីវិតរបស់​បុគ្គល​ជាឯកជន ទៅជារឿងរ៉ាវរួម​នការចងចាំរួមគ្នា និងបាន​នាំយក​បំណែកប្រវត្តិសាស្ត្រ​ដែលបានបែកខ្ញែក ​ឱ្យ​វិលមកជួបជុំក្នុង​ប្រទេសកំណើតវិញ៕

 

ព័ត៌មានទាក់ទង