ប្រធានាធិបតី ដូណាល់ ត្រាំ ទៅដល់ជប៉ុន ដែលជាជើងទី២ នៃដំណើរបំពេញទស្សនកិច្ចនៅអាស៉ី

(តូក្យូ)៖ យន្តហោះ Air Force One របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ប្រទេសជប៉ុនហើយ ដែលជាជើងទី២ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក នៅតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ បានធ្វើដំណើរមកដល់ជប៉ុន ក្រោយចាកចេញពីប្រទេសម៉ាឡេស៉ី នាថ្ងៃចន្ទនេះ ជាទីដែលរូបលោកបានចូលរួម​កិច្ចប្រជុំកំពូលជាមួយ បណ្តាមេដឹកនាំអាស៊ាន និងធ្វើជាអធិបតីនៃពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ។

បន្ទាប់ពីមកដល់ទីក្រុងតូក្យូ លោក ត្រាំ នឹងត្រូវចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito នាល្ងាចថ្ងៃចន្ទនេះ ហើយជួបជាមួយ​នាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី Sanae Takaichi នាថ្ងៃអង្គារស្អែក។

គួរបញ្ជាក់ថា បន្ទាប់ពីនោះ លោក ត្រាំ នឹងបន្តចាកចេញពីជប៉ុន ហើយឆ្ពោះទៅដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ព្រមទាំងបើកជំនួបកំពូលទ្វេភាគី ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នាថ្ងៃព្រហស្បតិ៍ ដើម្បីជជែកអំពីបញ្ហាវិវាទពាណិជ្ជកម្ម រវាងកំពូលមហាអំណាចសេដ្ឋកិច្ចទាំងពីរ៕

ព័ត៌មានទាក់ទង