អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកានេះថា ក្រសួងកំពុងតែរកមុខអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត ខណៈដែលរដូវប្រមូលផលស្រូវវស្សាកំពុងតែមកដល់។
ឯកឧត្តម ឃឹម ហ្វីណង់ បានប្រកាសនៅលើបណ្តាញសង្គមថា ក្រសួងកសិកម្មកំពុងផ្ទៀងផ្ទាត់ព័ត៌មានរឿងបែកធ្លាយថា មានអ្នកម៉ៅផ្តាច់ទិញស្រូវតាមខេត្ត។ លោកបានឱ្យប្រជាពលរដ្ឋ ជួយផ្តល់អត្តសញ្ញាណអ្នកផ្តាច់មុខនោះ ដើម្បីក្រសួងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗ ហើយក៏ប្រកាសជាចំហរថា ក្រសួងតែងតែនៅជាមួយកសិករយើងជានិច្ច ។
យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះគ្មានអ្នកបញ្ចេញមតិ រឺផ្តល់ព័ត៌មាននោះឡើយ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម ក៏បានដាក់ជាសំនួរឡើងមកថា «តើវាជារឿងអាថ៌កំបាំងដែលគ្មានអ្នកណាដឹងមែន ឬក៏ជារឿងដែលគេប្រឌិតឡើង?»៕


