សៀមរាប៖ ខេត្តសៀមរាបត្រូវបានគេស្កាល់ថាជាគោលដៅទេសចរណ៍ធំមួយ ដោយសារ តែប្រាសាទអង្គរវត្ត និងស្នាដៃបុរាណជាច្រើន។ តែគេក៏មិនគួរមើលរំលងសកម្មភាពអេកូ ទេសចរណ៍ថ្មីមួយ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីភ្ញៀវជាតិ និងអន្តរជាតិ គឺ ការជិះរទេះសេះទស្សនាភូមិជនបទ។
ទេសចរមួយចំនួនបានជ្រើសរើសការជិះរទេះសេះ ដែលជាជម្រើសបន្ថែម ក្រៅ ពីការ ទស្សនាប្រាសាទ ព្រៃព្រឹក្សា ភ្នំ និងទន្លេសាប។ ដំណើរនេះ ផ្តល់បទពិសោធន៍ថ្មី ដែល អនុញ្ញាតឱ្យភ្ញៀវបានឃើញ ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ និងយល់ អំពីវប្បធម៌ជនបទខ្មែរ។
ប្រសិនបើអ្នកធ្វើដំណើរតាមផ្លូវក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប អ្នកនឹងអាចឃើញ ទេសចរអន្តរជាតិ ជិះរទេះសេះកម្សាន្ត តាមផ្លូវក្នុងភូមិ និងវាលស្រែដ៏ស្រស់ស្អាតនៅ ភាគខាងត្បូងក្រុង។ ការជិះរទេះសេះ មិនត្រឹមតែផ្តល់ភាពរីករាយជាមួយធម្មជាតិទេ ប៉ុន្តែថែមទាំងបង្កើតទំនាក់ទំនងផ្ទាល់ ជាមួយសហគមន៍ក្នុងតំបន់ផងដែរ។
នៅតាមផ្លូវ ភ្ញៀវនឹងទទួលបានការស្វាគមន៍យ៉ាងរីករាយពីក្មេងៗក្នុងភូមិ។ ក្មេងៗខ្លះ ស្រែក ថា «Hello! Hello!» ជាមួយស្នាមញញឹមសប្បាយរីករាយ ដែលវាបង្ហាញពីទឹកចិត្តស្មោះស ស្និទ្ធស្នាល និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។
សកម្មភាពបែបនេះមិនត្រឹមជាជម្រើសកម្សាន្តបែបធម្មជាតិទេ ប៉ុន្តែថែមទាំងជាវិធីមួយ ក្នុង ការគាំទ្រមុខរបរក្នុងសហគមន៍ ដោយជួយបង្កើនចំណូលដល់គ្រួសារមូលដ្ឋាន និងរក្សា ទុករទេះបុរាណ នៃការប្រើរទេះសេះឱ្យនៅតែរស់រានមានជីវិតផងដែរ៕

