ទឹកជំនន់សម្លាប់ថៃ ២០នាក់ នៅខេត្តអយុធ្យា

បាងកក ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងខេត្តអយុធ្យា (Ayutthaya) ប្រទេសថៃ បានឡើងដល់ចំនួន ២០នាក់។

យោងតាមសារព័ត៌មានថៃ ខៅសុត, ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានរាយការណ៍ នៅក្នុងសេចក្តីសង្ខេបរបស់ខ្លួន នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ថា តំបន់ដែលរងផលប៉ះពាល់ ដោយសារទឹកជំនន់ បានគ្របដណ្តប់តាមបណ្តាស្រុក ភូមិ ជាច្រើនកន្លែង ប៉ះពាល់ដល់ប្រជាជន ចំនួន ៦ម៉ឺនបីពាន់ ១៧៦គ្រួសារ។ ប្រភពបញ្ជាក់ថា ចំនួនអ្នកស្លាប់ បានកើនបានដល់ ២០នាក់ហើយ។

សម្រាប់តំបន់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេ, ជំនន់ទឹកភ្លៀងគ្របដណ្តប់ពេញផ្ទៃក្នុង ជម្រៅពី ៣ ទៅ ៤ ម៉ែត្រ។ ផ្ទះ និង សហគមន៍ត្រូវបានជន់លិច ដោយសារទឹកជំនន់ នៅគ្រប់ជ្រុងទាំងអស់។

ខេត្ត អយុធ្យា មានការជន់លិចខ្លាំង អស់រយៈពេល ជាងពីរខែ ជាមួយនឹងកម្រិតកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ។

ថៃ តែងតែជួបប្រទះនូវភ្លៀងមូសុងប្រចាំឆ្នាំ នៅចន្លោះខែឧសភា និង ខែតុលា ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ បាននិយាយថា ការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស កំពុងបណ្តាលឱ្យមានគំរូអាកាសធាតុ កាន់តែអាក្រក់ខ្លាំង ដែលអាចធ្វើឱ្យមានទឹកជំនន់បំផ្លិចបំផ្លាញ កាន់តែច្រើន។

ទឹកជំនន់ស្លាប់មនុស្សនៅថៃ កើតមានឡើងសឹងតែរៀងរាល់ឆ្នាំ បន្តរហូតមកដល់ ឆ្នាំ២០២៥ នេះ។ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស នៅថៃ ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និង ផលដំណាំយ៉ាងតំណំ៕

ព័ត៌មានទាក់ទង