ផ្ទុះភ្នំភ្លើងនៅជិតកោះបាលី បង្ខំឥណ្ឌូនេស៊ីប្រកាសអាសន្នកម្រិតខ្ពស់បំផុត

ហ្សាកាតា ៖ ភ្នំភ្លើងមួយនៅលើកោះជ្វា ដែលស្ថិតនៅក្បែរកោះបាលីដ៏ល្បីរបស់ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីថ្ងៃពុធ ដោយវាបានព្រុសផេះ និងឧស្ម័នចេញពីមាត់មានកម្ពស់ដល់ទៅ ១៣គីឡូម៉ែត្រទៅលើផ្ទៃមេឃ ហើយបង្ខំឱ្យអាជ្ញាធរបង្កើនស្ថានភាពប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត។

ប្រធានទីភ្នាក់ងារភូគព្ភសាស្ត្រឥណ្ឌូនេស៊ី លោក Muhammad Wafid និយាយថា ភ្នំភ្លើង Semeru នៅភាគខាងកើតកោះជ្វា មានចម្ងាយប្រហែល ៣១០គីឡូម៉ែត្រភាគខាងលិចនៃទីតាំងទេសចរណ៍កោះបាលី បានផ្ទុះឡើងនៅម៉ោង ២និង១៣នាទីរសៀលថ្ងៃពុធ (ម៉ោងក្នុងតំបន់)។

ទន្ទឹមគ្នា ប្រជាជនត្រូវបានណែនាំឱ្យរក្សាគម្លាតសុវត្ថិភាពក្នុងរង្វង់ ៨គីឡូម៉ែត្រពីមាត់រណ្ដៅភ្នំភ្លើង ឬកំពូលភ្នំភ្លើង Semeru ដើម្បីជៀសវាងរងគ្រោះថ្នាក់ជាយថាហេតុ។

បើតាមអ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី, អ្នកភូមិយ៉ាងតិច ៣០០នាក់ ដែលរស់នៅក្បែរភ្នំភ្លើងនេះ ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួនពីរ។ ហើយភ្លាមៗ មិនទាន់មានរបាយការណ៍អំពីជំនួនអ្នកស្លាប់ ឬរបួស ព្រមទាំងទំហំនៃការខូចខាតនៅឡើយទេ។

សូមរម្លឹកថា ការផ្ទុះរបស់ភ្នំភ្លើង Semeru ក្នុងឆ្នាំ ២០២១ បានសម្លាប់មនុស្សជាង ៥០នាក់ និងបំផ្លាញផ្ទះសម្បែងជាង ៥,០០០កន្លែង ហើយបង្ខំឱ្យមនុស្សជិត ១០,០០០នាក់រត់ទៅជ្រកកោនក្នុងជំរុំមានសុវត្ថិភាពបណ្តោះអាសន្ន។

ឥណ្ឌូណេស៊ីតែងជួបប្រទះគ្រោះរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាប្រចាំដោយសារទីតាំងប្រទេសអាស៊ានមួយនេះ នៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅថា Ring of Fire ជាខ្សែក្រវាត់នៃការផ្ទុះភ្នំភ្លើង និងរញ្ជួយដី លាតសន្ធឹងពីជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍រហូតដល់អាងប៉ាស៊ីហ្វិកទាំងមូល។ ប្រទេសប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះ មានភ្នំភ្លើងសកម្មជិត ១៣០ភ្នំភ្លើង៕

ព័ត៌មានទាក់ទង