រដ្ឋមន្រ្តី កែវ រតនៈ៖ កម្ពុជាកំពុងចរចាជាមួយក្រុមហ៊ុនមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅខេត្តកោះកុងនាពេលខាងមុខ
(ភ្នំពេញ)៖ លោកកែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និង ថាមពល បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់សម្តេចបវរធិបតី ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្ននេះគណៈកម្មការអន្តរក្រសួងបាននិងកំពុងចរចាជាមួយក្រុមហ៊ុនបរទេសមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅខេត្តកោះកុងនៅពេលខាងមុខ។
លោកបានគូសបញ្ជាក់ថា ប្រសិនបើការចរចាទទួលបានជោគជ័យ នឹងបើកផ្លូវឱ្យកម្ពុជា ឈានទៅដល់ការគិតគូរក្នុងការរៀបចំសន្និធិប្រេងយុទ្ធសាស្រ្តបំរុងរបស់ជាតិ មានស្ថេរភាព ដោយកម្ពុជានឹងមានលទ្ធភាពផ្ទុកប្រេងឆៅរាប់ម៉ឺនប៉ារ៉ែល សម្រាប់បញ្ចេញឱ្យប្រើប្រាស់នៅពេលដែលមានបញ្ហា។
លោកបញ្ជាក់បន្ថែមថា ការគិតគូរទៅលើការបង្កើតរោងចក្រចម្រាញ់ប្រេងនៅកម្ពុជានេះ ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តមានសន្ទុះថែមទៀត ហើយតម្រូវការប្រេង និងឧស្ម័នកើនឡើង ខណៈបច្ចុប្បន្នស្ថានីយ៍ប្រេងឥន្ទនៈនៅកម្ពុជាមានជិត ៥ពាន់ទីតាំងនៅទូទាំងប្រទេស ខុសកាលពីពេលកន្លងមក កម្ពុជាមិនអាចបង្កើតរោងចក្រចម្រាញ់ប្រេងបាន ដោយសារតម្រូវការទាប។
លោកកែវ រតនៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី «កិច្ចសន្ទនារវាងឧបនាយករដ្ឋមន្រ្តី កើតរិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និងវិស័យរ៉ែ និងថាមពលនៅកម្ពុជា» ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដោយឡែកចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈពេលបច្ចុប្បន្ននេះ លោកបានឱ្យដឹងថា ក្រសួងបានខិតខំក្នុងការជួយសម្រួល ដើម្បីឱ្យតម្លៃប្រេងមានតម្លៃធូរថ្លៃឱ្យអស់លទ្ធភាព ពោល គឺរដ្ឋាភិបាលមិនយកពន្ធអាករច្រើននោះទេ ក្នុងវិស័យនេះ ដើម្បីបន្ធូបន្ថយចលនាសេដ្ឋកិច្ច ក្នុងសង្គមទាំងមូល បើទោះបីជារងការគម្រាមកំហែងពីថៃមិនលក់ប្រេងឱ្យក៏ដោយ។
លោកបន្ថែមថា «ប្រសិនបើយើងធ្វើកិច្ចការងារនេះ មិនបានត្រឹមត្រូវម្លេះនៅពេលដែលយើងមានបញ្ហាជាមួយប្រទេសជិតខាង យើងប្រាកដជាអត់ប្រេងហើយ គេគម្រាមថាយើងអត់គេងាប់អីចឹងយើងផ្តាច់គេឱ្យមើល ថាតើវាងាប់មែនអត់? ស្អីទៅដែលជាបញ្ហា គឺជាគេថាអីចឹង យើងសាកឱ្យគេឃើញថា យើងមានឯករាជ្យភាពមែន ឬអត់? អីចឹងប្រេងរបស់យើងសព្វថ្ងៃអត់មានបញ្ហាអីទេ ទោះបីជានៅដល់ភូមិផងរបងជាមួយជិតឆ្ងាយយ៉ាងណាក៏ដោយ គឺមានប្រេង និងឧស្ម័នដែលចរាចរណ៍តាមតម្លៃទីផ្សារតាមតម្លៃធម្មតា »។
លោមានប្រសាសន៍ទៀតថា «ក្រៅពីការពង្រឹង និងតាមដានថ្លៃប្រងកុំឱ្យខុសបច្ចេកទេស និងសេដ្ឋកិច្ចទីផ្សារសេរី កម្ពុជានឹងមិនអនុញ្ញាតឱ្យនាំចូល ឬធ្វើអាជីវកម្មប្រេងឥន្ធនៈផ្តាច់មុខឡើយ ដែលអាចនឹងឱ្យមានការកំណត់ថ្លៃ និងមិនអនុញ្ញាតឱ្យតួអង្គណាមួយយកឱកាស ឬប្រមូលផ្តុំបង្កើតបណ្តាញបង្កើតថ្លៃខុសទីផ្សារនោះឡើយ។ ប្រសិនបើមានករណីនេះ នឹងចាត់វិធានការតាមច្បាប់៕




