(ហាណូយ)៖ ក្រសួងបរិស្ថានវៀតណាម នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនដល់ ៩០នាក់ និង១២នាក់បានបាត់ខ្លួន បន្ទាប់ពី មានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងគ្រោះរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងបរិស្ថានវៀតណាមបានបញ្ជាក់ទៀតថាក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន ៦០នាក់ដែលបានស្លាប់ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកាមកត្រូវបានរាយការណ៍ នៅក្នុងខេត្ត Dak Lak ជាទីដែលផ្ទះរាប់ម៉ឺនខ្នងត្រូវបានជន់លិច។ ភ្លៀងធ្លាក់ឥតឈប់ឈរបានវាយប្រហារលើតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសវៀតណាម ចាប់តាំងពី ចុងខែតុលាមកម្ល៉េះ ហើយតំបន់គោលដៅទេសចរណ៍ជាច្រើនត្រូវបានជន់លិចដោយទឹកជំនន់។ ក្រសួងបរិស្ថានវៀតណាម ក៏បានវាយតម្លៃដែរថាការខាតបង់ផ្នែកសេដ្ឋកិច្ចអាចមាន ដល់ទៅ ៣៤៣លានដុល្លារ នៅទូទាំងខេត្តចំនួន៥ ដែលរងគ្រោះដោយសារទឹកជំនន់។
គួរបញ្ជាក់ថា បើតាមតួលេខពីរដ្ឋាភិបាលវៀតណាម គ្រោះធម្មជាតិបានធ្វើឱ្យមនុស្ស ២៧៩នាក់ បានស្លាប់ ឬបាត់ខ្លួន និងបង្កជាការខូចខាតគិតជាទឹកប្រាក់ប្រហែលជា ២ពាន់លានដុល្លារ នៅចន្លោះពីខែមករា ដល់ខែតុលា៕


