មនុស្សជិត១១០០០នាក់​រងផលប៉ះពាល់ ខណៈទឹកជំនន់កាន់តែធ្ងន់ធ្ងរ​នៅម៉ាឡេស៊ី

ទឹកជំនន់បានធ្វើ​ឲ្យ​​ប្រជាជនចំនួន ១០ ៩២២នាក់ត្រូវ​ជម្លៀស​ខ្លួន​នៅ​រដ្ឋចំនួន៧​ របស់ប្រទេសម៉ាឡេស៊ី គិតត្រឹមព្រឹកថ្ងៃចន្ទ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ដោយរដ្ឋ Kelantan បានកត់ត្រាចំនួនជនរងគ្រោះខ្ពស់បំផុត ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្តវាយលុកភាគឦសាន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama បាន​​ផ្សាយ​ថា រដ្ឋ Kelantan បានរាយការណ៍ពីការជម្លៀសប្រជាជន ៨ ២៤៨នាក់ មកពី ៣ ០២២គ្រួសារ ដែលបានកើនឡើងពី ៧ ៨៣០នាក់ កាលពីយប់មុន។ អាជ្ញាធរបានព្រមានថា ស្ថានភាពនៅតែធ្ងន់ធ្ងរចំពេលភ្លៀងនៅតែបន្តធ្លាក់។

រដ្ឋមួយចំនួនទៀតក៏បានឃើញចំនួនកើនឡើងផងដែរ។ នៅរដ្ឋ Perlis ចំនួនអ្នកជម្លៀសបានកើនឡើងដល់ ៨១១នាក់ មកពី ២៤៣គ្រួសារ ដែលជាការកើនឡើងយ៉ាងគំហុកពី ១១៤នាក់ កាលពីយប់មុន។ រដ្ឋ Penang បានរាយការណ៍ពីជនរងគ្រោះ ២៤២នាក់ ខណៈដែលរដ្ឋ Perak ក៏បានកត់ត្រាការកើនឡើងផងដែរ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋ Kedah និង Terengganu បានរាយការណ៍ពីការថយចុះបន្តិចនៃចំនួនអ្នកជម្លៀស។

រដ្ឋ Selangor ឥឡូវនេះបានក្លាយជារដ្ឋចុងក្រោយបង្អស់ដែលរងផលប៉ះពាល់ដោយសារ​ទឹកជំនន់ ដែល​ទាមទារ​ឲ្យ​​មាន​ការឆ្លើយតបបន្ទាន់ និងប្រតិបត្តិការ​ជួយ​សង្គ្រោះ៕

ព័ត៌មានទាក់ទង