វៀតណាម ក្លាយជាប្រទេសដំបូងគេដែលអនុម័តការប្រើថ្នាំព្យាបាលជំងឺមហារីក Pembroria របស់រុស្ស៉ី

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាម បានអនុម័តការចុះបញ្ជីប្រើប្រាស់ Pembroria ជាថ្នាំចាក់ព្យាបាលជំងឺមហារីកផលិតដោយរុស្ស៉ីដែលមានផ្ទុកសារធាតុថ្នាំ pembrolizumab ដើម្បីផ្ដល់ជម្រើសព្យាបាលថ្មីសម្រាប់ប្រជាជនវៀតណាម។ នេះបើតាមដកស្រង់ចេញផ្សាយពីសារព័ត៌មានវៀតណាម VN Express។ 

តាមរដ្ឋបាលថ្នាំនៃក្រសួងសុខាភិបាលវៀតណាម Pembroria ស្ថិតនៅក្នុងចំណោមវ៉ាក់សាំង និងផលិតផលថ្នាំពេទ្យចំនួន១៤ ដែលទទួលបានអាជ្ញាបណ្ណសម្រាប់ចរាចរកាលពីដំណាច់ខែតុលា កន្លងទៅ។ Pembroria ដែលត្រូវបានផលិតដោយក្រុមហ៊ុនរុស្ស៉ី Limited Liability “PK-137” និងចុះបញ្ជីដោយរោងចក្រមួយនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម មានផ្ទុកសារធាតុថ្នាំ pembrolizumab ១០០មីលីក្រាម ក្នុងចំណុះ៤មីលីលីត្រ។ Pembroria ត្រូវបានណែនាំសម្រាប់ការប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីកជាច្រើនប្រភេទដូចជាជំងឺមហារីកសួត មហារីកស្បែក មហារីកពោះវៀនធំ មហារីកមាត់ស្បូន និងជំងឺមហារីសុដន់។ 

គួរបញ្ជាក់ថា Pembroria មិនទាន់ស្ថិតនៅក្រោមប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់វៀតណាមនៅឡើយទេ។ ថ្នាំនេះមួយដបតូចមានតម្លៃជាង ៧០០ដុល្លារ ហើយអ្នកជំងឺតម្រូវឱ្យចាក់ ២ដបតូច សម្រាប់ការព្យាបាលមួយលើក៕

ព័ត៌មានទាក់ទង