កម្ពុជា​ច្រានចោលព័ត៌មាន​វៀតណាម​សង់ផ្លូវ​កាត់សមុទ្រទៅកាន់កោះ ត្រល់

ភ្នំពេញ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​​ច្រានចោល​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ដែល​បង្ហាញថា វៀតណាម​កំពុង​សាងសង់​ផ្លូវ​ឆ្លងកាត់​សមុទ្រ​ឆ្ពោះទៅកាន់​កោះហ្វូ​គក់​ (កោះត្រល់​) ដោយ​ព្រមាន​ថា ព័ត៌មាន​មិន​ពិត​បែបនេះ​អាចធ្វើឱ្យប៉ះពាល់​ដល់​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​​។​

នៅក្នុង​សេចក្តីបំភ្លឺ​​​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៤ ខែវិច្ឆិកា ក្រសួងការបរទេស ​បាន​ឱ្យ​ដឹង​ថា មាន​ការផ្សព្វ​ផ្សាយក្នុងបណ្តាញសង្គមថ្មីៗ​នេះ​ថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២។

ក្រសួង​ការ​បរទេស បានបង្ហាញ​ថា៖ «​តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និង ព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ»។

សេចក្ដីថ្លែងការណ៍​បាន​ឱ្យ​ដឹងថា​៖ «​រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម»។

ក្រសួង​បាន​សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អាច​បង្កឱ្យមាន​ការយល់​ច្រឡំ​ពី​សាធារណជន​​ និង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​​រវាង​កម្ពុជា និង​វៀតណាម​។​

ក្រសួង​បាន​ជំ​រុញឱ្យ​សាធារណជន និង​អ្នកប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចៀសវាង​ការចែករំលែក​ការអះអាង​​​មិនបាន​ផ្ទៀងផ្ទាត់ ដែល​អាច​បង្កឱ្យមាន​ភា​ព​រសើប​ឆ្លងដែន​។

សេចក្តីថ្លែងការណ៍​នេះបន្ថែម​ថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មាន ខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម​»​៕

ព័ត៌មានទាក់ទង